ពន្ធនាគារមួយនៅប្រទេសនីហ្សេរីយ៉ា ត្រូវបានគេសម្រុកចូលរំដោះអ្នកទោសជាង ៨០០នាក់
- BY
- autoadmin
- October 25, 2021
នីហ្សេរីយ៉ា៖ ក្រុមប្រដាប់អាវុធមួយក្រុមបានសម្រុកចូលទៅក្នុងពន្ធនាគារ Abonlogo នៅឯភាគនិរតីរបស់ប្រទេសនីហ្សេរីយ៉ា និងបានដោះលែងអ្នកទោសប្រមាណជាង ៨០០ នាក់ ខណៈវាគឺជាការហែកគុកជាលើកទី៣ នៅក្នុងឆ្នាំនេះផ្ទាល់។ ប្រភពព័ត៌មាន The Guardian បាននិយាយថា ការវាយប្រហារនេះបានកើតឡើងកាលពីយប់ថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១ នៅក្នុងរដ្ឋ Oyo ដោយក្រុមខ្មាន់កាំភ្លើងបានចូលទៅក្នុងទីធ្លាពន្ធនាគារ បំផ្ទុះជញ្ជាំងពន្ធនាគារ ហើយបាញ់តបតជាមួយនឹងមន្ត្រីនៅយាមនៅទីនោះ។

មន្ត្រីក្នុងតំបន់បាននិយាយថា ពួកគេបានចាប់ខ្លួនអ្នកទោសបានប្រហែល ២៦០ នាក់ ត្រឡប់មកវិញ ប៉ុន្តែអ្នកទោសប្រហែល ៥៧៥ នាក់ នៅតែបាត់ខ្លួន។ រំលឹកដែរថា ប្រទេសនេះមានការហែកពន្ធនាគារស្រដៀងគ្នានេះ នៅក្នុងខែមេសា និងកញ្ញា រដ្ឋផ្សេងៗគ្នា។ ដោយនៅក្នុងខែមេសាតែមួយ មានអ្នកទោសជាង ១,៨០០ នាក់ ត្រូវបានគេចេញពីពន្ធនាគារមួយ នៅភាគអាគ្នេយ៍របស់ប្រទេស។ ប្រជាជននៅក្នុងប្រទេសនីហ្សេរីយ៉ា កាន់តែមានការព្រួយបារម្ភចំពោះបញ្ហាបែបនេះ ហើយពួកគេបានបន្ទោសទៅលើការមិនយកចិត្តទុកដាក់លើសន្ដិសុខរបស់រដ្ឋាភិបាល៕

អត្ថបទ៖ លីដា
ប្រភព៖ The Guardian
- Share This Post:






