រដ្ឋបាលខណ្ឌដង្កោ ជូនដំណឹងបងប្អូនប្រជាពលរដ្ឋ រស់នៅជាប់សណ្ដស្ទឹងព្រែកត្នោត ត្រៀមបង្កាទឹកជំនន់ ដែលមានកំពស់ដល់កម្រិតត្រូវប្រុងប្រយ័ត្នខ្ពស់
រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខណ្ឌដង្កោ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការត្រៀមបង្កាទឹកជំនន់ស្ទឹងព្រែកត្នោតជាយថាហេតុ ដោយអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សូមជម្រាបជូនប្រជាពលរដ្ឋដែលរស់ជាប់សណ្ដស្ទឹងព្រែកត្នោត ក្នុងនោះមានសង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស សង្កាត់គងនយ ឲ្យបានជ្រាបថា៖

បច្ចុប្បន្នស្ថានភាពទឹកស្ទឹងព្រែកត្នោតបានហក់ឡើងជាបន្តបន្ទាប់ បណ្ដាលមកពីជំនន់ផ្នែកខាងលើធ្វើឲ្យទឹកស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រខណ្ឌដង្កោ មានកំពស់ដល់កម្រិតត្រូវប្រុងប្រយ័ត្នខ្ពស់។
ដូច្នេះ ដើម្បីជៀសវាងនូវហានិភ័យដែលបង្កឲ្យខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិត សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមសណ្ដស្ទឹងព្រែកត្នោត មេត្តាត្រៀមសម្ភារ និងបន្តតាមដានស្ថានភាពទឹកជាប្រចាំជៀសវាង ការបាត់បង់សម្ភារ និងអាយុជីវិត។ រដ្ឋបាលខណ្ឌដង្កោ សហការជាមួយក្រសួងធនធានទឹក និងឧតុនិយម បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុត នូវស្ថានភាពទឹក ដើម្បីជម្រាបជូនប្រជាពលរដ្ឋឲ្យបានជ្រាបជាបន្តបន្ទាប់ ៕
