វេជ្ជបណ្ឌិតម្នាក់បានណែនាំថា ក្មេងៗមិនគួរមើលរឿង «Squid Game» នោះទេ ព្រោះតែហេតុផលទាំងនេះ
- BY
- autoadmin
- October 25, 2021
វេជ្ជបណ្ឌិតនៅវិទ្យាស្ថាន Child Mind Institute ដែលជាអង្គការមិនរកប្រាក់ចំណេញមួយ ដែលបម្រើឱ្យសុខភាពផ្លូវចិត្តរបស់កុមារបានណែនាំថា មិនគួរមានក្មេងណាម្នាក់មើលរឿង «Squid Game» នោះទេ បើទោះបីជាពួកគេមើលរឿងនោះជាមួយឪពុកម្ដាយក៏ដោយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ។ លោក David Anderson ជានាយកសាលា និងកម្មវិធីសហគមន៍របស់វិទ្យាស្ថានបាននិយាយថា កម្រិតការប្រើអំពើហិង្សារបស់រឿងគឺពិតជាគួរឱ្យខ្លាចខ្លាំងណាស់ ហើយវាដូចជាកម្មវិធីឃាតកម្មរង្គាលមួយ នៅពេលដែលរឿងនិយាយអំពីការដណើ្ដមគ្នាយករស់តែម្នាក់ នៅក្នុងចំណោមអ្នកចូលរួមទាំងអស់ ៤០០ នាក់។

គេហទំព័ររបស់ CMI បានកត់សម្គាល់ថា តួអង្គទាំងអស់ត្រូវបានធ្វើទារុណកម្ម និងសម្លាប់ជាប្រព័ន្ធ សម្រាប់ការសប្បាយរបស់ម្ចាស់ហ្គេម។ មានទាំងឈុតរួមភេទរបស់មនុស្សពេញវ័យ ហើយមានការគំរាមកំហែងនៃអំពើហិង្សាផ្លូវភេទ៖ ស្ត្រីត្រូវបានចាប់ក្របួចសក់ និងវាយដំជាដើម។ ពោលគឺរឿងនេះនិយាយពីការលេងល្បែង ការយកឈ្នះ និងលុយជាធំ។ ដោយសារវាជារឿងដែលមានផលរំខានដល់ក្រុមមនុស្សមួយចំនួន ទើបសាលារៀនខ្លះ បានចាត់វិធានការប្រឆាំងនឹងរឿង Squid Game និងហ្គេមគ្រប់ប្រភេទរបស់វាតែម្ដង។
ជាក់ស្ដែងសាលាឯកជនមួយនៅទីក្រុង Roswell រដ្ឋ Georgia របស់សហរដ្ឋអាមេរិក បានហាមប្រាមការពិភាក្សាអំពីរឿង Squid Game និងហ្គេមរបស់វា ខណៈការផ្លាស់ប្តូរស្រដៀងគ្នាក៏ត្រូវបានធ្វើឡើងជាអន្តរជាតិផងដែរ។ ជាឧទាហរណ៍៖ នៅក្នុងប្រទេសអង់គ្លេស ក្រុមការពារការអប់រំមកពីក្រុមប្រឹក្សា Central Bedfordshire បានណែនាំឪពុកម្តាយមិនអនុញ្ញាតឱ្យកូនរបស់ពួកគេមើលរឿងនោះទេ បន្ទាប់ពីមានរបាយការណ៍ថា ក្មេងៗកំពុងធ្វើត្រាប់តាមហ្គេមរបស់រឿង Squid Game នេះបើយោងតាម The Guardian ។ គួរឱ្យដឹងដែរថា Squid Game បានក្លាយជារឿងដ៏ជោគជ័យបំផុតមួយនៅលើ Netflix ដោយមានគណនីចំនួន ១១១ លាន បានចូលមើលរឿងនេះ ដោយប្រើរយៈពេលមិនដល់មួយខែផង៕


អត្ថបទ៖ លីដា
ប្រភព៖ CNN
- Share This Post:






