អន្តរជាតិ

ក្រុមហ៊ុនឱសថអាមេរិក Moderna អះអាងពីការឆ្លើយតបដ៏រឹងមាំរបស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ខ្លួន ចំពោះកុមារអាយុពី ៦ ទៅ ១១ឆ្នាំ

BY
autoadmin
October 26, 2021

ក្រុមហ៊ុនអាមេរិក Moderna កាលពីថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២១ បានរាយការណ៍ពី «ការឆ្លើយតបនៃអង់ទីករការពារដ៏រឹងមាំ» របស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួន (mRNA-1273) ចំពោះកុមារដែលមានអាយុពី ៦ ទៅ ១១ឆ្នាំ ហើយខ្លួនគ្រោងនឹងបញ្ជូនលទ្ធផលនេះ ទៅដល់និយតករនៅទូទាំងសកលលោកឆាប់ៗ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ ក្រុមហ៊ុនបានសិក្សាលើអ្នកចូលរួមប្រមាណ ៤,៧៥៣ នាក់ ហើយក្រោយពួកគេទទួលវ៉ាក់សាំងដូសទី២ បានរយៈពេល ១ខែ វាបានបង្ហាញថា ពួកគេមានការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំខ្ពស់ ខណៈផលរំខានមានដូចជា៖ អស់កម្លាំង ឈឺក្បាល គ្រុនក្តៅ និងការឈឺចាប់នៅកន្លែងចាក់ ដែលពួកវាអាចមានជាទូទៅបន្ទាប់ពីការចាក់វ៉ាក់សាំង។

វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលក្រុមហ៊ុន Moderna ប្រើនៅក្នុងការសាកល្បង គឺជាវ៉ាក់សាំងកម្រិត ៥០ មីក្រូក្រាម ដែលជាកម្រិតពាក់កណ្តាល ដែលប្រើក្នុងវ៉ាក់សាំងសម្រាប់មនុស្សពេញវ័យ។ កម្រិតថ្នាំ ៥០ មីក្រូក្រាម ក៏ត្រូវបានអនុញ្ញាតឱ្យប្រើជាដូចទី៣ ឬ Booster ផងដែរ។ លទ្ធផលរបស់ក្រុមហ៊ុន Moderna បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Pfizer បាននិយាយកាលពីសប្តាហ៍មុនថា វ៉ាក់សាំង COVID-19 របស់ខ្លួន មានប្រសិទ្ធភាព ៩០% ក្នុងការការពារជំងឺ COVID-19 ដែលមានរោគសញ្ញា នៅក្នុងចំណោមកុមារដែលមានអាយុពី ៥ ទៅ ១១ ឆ្នាំ។ ចំណែករដ្ឋបាលចំណីអាហារ និងឱសថ (FDA) ក៏បានហៅក្រុមប្រឹក្សាយោបល់របស់អ្នកជំនាញឯករាជ្យ ឱ្យមកជួបគ្នានៅថ្ងៃអង្គារនេះ ដើម្បីបោះឆ្នោតថា តើត្រូវផ្ដល់ភ្លើងបៃតងដល់វ៉ាក់សាំង Pfizer ឬអត់៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: