ខឹងសន្ដិសុខប្រាប់ឱ្យពាក់ម៉ាស់ បុរសម្នាក់បានប្រាប់ឱ្យបុគ្គលិកធនាគារដកលុយចេញពីកុងទាំងអស់ ហើយត្រូវរាប់ដោយដៃនៅនឹងមុខគាត់ឱ្យគ្រប់ចំនួន
- BY
- autoadmin
- October 26, 2021
បុរសជនជាតិចិនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភម្នាក់ បានបញ្ជាឱ្យបុគ្គលិកធនាគារមួយកន្លែង ដកប្រាក់ និងរាប់ប្រាក់ដោយដៃឱ្យគ្រប់ចំនួនជូនគាត់ ក្រោយខឹងនឹងសន្ដិសុខដែលប្រាប់ឱ្យគាត់ពាក់ម៉ាស់ ដើម្បីការពារពីការឆ្លងរាលដាលនៃជំងឺ COVID-19 ។ បើតាមការចុះផ្សាយរបស់ Nextshark បានឱ្យដឹងថា បុរសម្នាក់នោះមានឈ្មោះហៅក្រៅថា Sunwear ហើយវាមិនច្បាស់ទេថា គាត់ទៅធនាគារមួយនោះមានបំណងអ្វី? ដឹងត្រឹមតែថា ក្រោយពេលសន្ដិសុខប្រាប់ឱ្យគាត់ពាក់ម៉ាស់រួចហើយនោះ គាត់ក៏បានបញ្ជាឱ្យបុគ្គលិកដកលុយពីកុងធនាគាររបស់គាត់ ហើយដោយសារការដកមានចំនួនកំណត់ គាត់បានដកលុយ ៥លាន់យ័ន ឬ ៧៨៣,០០០ ដុល្លារអាមេរិក ក្នុងមួយលើក និងបានបន្ថែមថា គាត់នឹងត្រឡប់មកសារជាថ្មីដើម្បីដកប្រាក់ទាំងអស់របស់គាត់។

នៅក្នុងការបង្ហោះរបស់គាត់នៅលើបណ្ដាញ Weibo (ក្រោយមកលុបចោលវិញ) លោក Sunwear បាននិយាយថា គាត់កំពុងដាក់ប្រាក់យ៉ាងច្រើនរបស់គាត់នៅក្នុងធនាគារផ្សេងទៀត ដោយសារតែសេវាកម្មដ៏អាក្រក់បំផុតពីបុគ្គលិករបស់ធនាគារទីក្រុងសៀងហៃ។ គាត់ក៏បានចែករំលែករូបភាពលុយសុទ្ធ ដែលដាក់នៅលើតុបញ្ជរធនាគារ ហើយក្រោយមកលុយទាំងនោះត្រូវបានដាក់ចូលក្នុងវ៉ាលីរបស់គាត់។ លោក Sunwear បាននិយាយថា បុគ្គលិកធនាគារ ២នាក់ ប្រើពេលរហូតដល់ទៅ ២ម៉ោង ទម្រាំរាប់ដោយដៃ និងរៀបចំលុយឱ្យគាត់រួចរាល់។ យ៉ាងណាក៏ដោយខាងធនាគារបដិសេធលើការចោទរបស់គាត់ ដោយបាននិយាយថា មិនមែនមកពីបុគ្គលិកធនគារបម្រើសេវាកម្មឱ្យគាត់មិនល្អនោះទេ គឺដោយសារសន្ដិសុខបានប្រាប់គាត់ឱ្យពាក់ម៉ាស់ប៉ុណ្ណោះ៕


អត្ថបទ៖ លីដា
ប្រភព៖ Nextshark
- Share This Post:






