ប្រទេសចិនបានបិទខ្ទប់ទីក្រុងមួយ ដែលមានពលរដ្ឋជាង ៤លាននាក់ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍
- BY
- autoadmin
- October 26, 2021
ប្រទេសចិនបានដាក់ទីក្រុង Lanzhou ដែលជាទីក្រុងមានប្រជាជន ៤ លាននាក់ ឱ្យនៅក្រោមការបិទខ្ទប់ នៅថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១ នេះផ្ទាល់ ក្នុងគោលបំណងដើម្បីលុបបំបាត់ការរីករាលដាលនៃជំងឺ COVID-19 ។ ការរឹតបន្តឹងនេះបានកើតឡើង នៅពេលដែលប្រទេសចិនបានរាយការណ៍ពីការឆ្លងក្នុងស្រុកថ្មីចំនួន ២៩ ដោយរួមទាំងករណីចំនួន ៦ នៅក្នុងទីក្រុង Lanzhou នៃខេត្ត Gansu ភាគពាយ័ព្យ។ មន្ត្រីនៅទីក្រុង Lanzhou បាននិយាយថា៖«ការចូល និងចេញរបស់អ្នកស្រុក នឹងត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង និងមានកំណត់ចំពោះការធ្វើដំណើរ សម្រាប់ការផ្គត់ផ្គង់ចាំបាច់ ឬការព្យាបាលវេជ្ជសាស្រ្ត។

ច្បាប់ចុងក្រោយបង្អស់នេះ បានកើតឡើងពីលើបទបញ្ជាស្នាក់នៅផ្ទះយ៉ាងតឹងរ៉ឹងដែលមានស្រាប់ ដែលបានដាក់លើមនុស្សរាប់ម៉ឺននាក់ នៅភាគខាងជើងប្រទេសចិន ជាមួយនឹងការចូលដោយមានការកំណត់ទៅកាន់តំបន់ទេសចរណ៍ ហើយអ្នកស្រុកត្រូវបានគេណែនាំមិនឱ្យចាកចេញពីទីក្រុងប្រសិនបើចាំបាច់។ ការផ្ទុះឡើងចុងក្រោយបង្អស់របស់ប្រទេសចិននេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងវ៉ារ្យ៉ង់ Delta ហើយចាប់តាំងពីថ្ងៃទី១៧ ខែតុលា រហូតមកទល់ពេលនេះ ខ្លួនបានរកឃើញករណីថ្មីរហូតដល់ទៅ ១៩៨ ករណី។ មន្ត្រីសុខាភិបាលបានព្រមានថា ការឆ្លងកាន់តែច្រើនអាចនឹងលេចចេញជារូបរាងឡើង នៅពេលដែលការធ្វើតេស្តត្រូវបានពន្លឿននៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ពិសេសគឺបណ្ដាអ្នកទេសចរក្នុងស្រុក៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






