អន្តរជាតិ

ប្រទេសវៀតណាមបើកឱ្យមានការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer ចំពោះកុមារ និងក្មេងជំទង់

BY
autoadmin
October 27, 2021

ក្រសួងសុខាភិបាលវៀតណាមបានប្រកាសកាលពីថ្ងៃអង្គារថា ពួកគេនឹងបើកយុទ្ធនាការនៅទូទាំងប្រទេស​ ដើម្បីការពារកុមារ និងក្មេងជំទង់ពីជំងឺ Covid-19 ដោយចាប់ផ្តើមនៅខែក្រោយនេះ ជាមួយនឹងវ៉ាក់សាំងបង្ការរបស់ក្រុមហ៊ុន Pfizer ខណៈដែលវ៉ាក់សាំងនេះក៏ត្រូវបានអនុញ្ញាតដោយអង្គការសុខភាពពិភពលោក (WHO) សម្រាប់ការប្រើប្រាស់លើកុមារតូចៗផងដែរ។ ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមលោក Nguyen Thanh Long ក៏បានបង្ហាញជំនឿចិត្តដែរថា៖«វ៉ាក់សាំងនេះ គឺមានសុវត្ថិភាពសម្រាប់កុមារ»។

យុទ្ធនាការថ្នាក់ជាតិនេះនឹងចាប់ផ្តើមជាមួយអ្នកដែលមានអាយុ ១៦ និង ១៧ឆ្នាំ ហើយពួកគេក៏នឹងត្រូវការស្វែងរកការយល់ព្រមជាលាយលក្ខណ៍អក្សរពីឪពុកម្តាយ និងអាណាព្យាបាល ទើបអាចទទួលយកការចាក់វ៉ាក់សាំងនេះបាន។ ពួកគេ​នឹង​ត្រូវ​ពិនិត្យ​សុខភាព​របស់​ពួកគេ​មុន​ពេល​ចាក់​វ៉ាក់សាំង ឱ្យ​ស្រប​តាម​គោលការណ៍​ណែនាំ​នៃ​ការ​ចាក់​វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់​ក្រសួង។ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ក្រសួងក៏បានអនុម័តលើការគ្រប់គ្រងវ៉ាក់សាំង សម្រាប់កុមារដែលមានអាយុពី ១២-១៧ ឆ្នាំ ដោយផ្តល់អាទិភាពដល់ក្រុមអាយុ ១៦-១៧ ឆ្នាំ។ ការប្រជុំ និងការប្រកាសកាលពីថ្ងៃអង្គារ គឺជាលើកដំបូងដែលក្រសួងបញ្ជាក់ពីប្រភេទវ៉ាក់សាំង សម្រាប់ការប្រើប្រាស់លើក្រុមអាយុនោះ៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress

Share This Post: