ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីការធ្វើតេស្តមីស៊ីលល្បឿនលឿនជាងសំឡេង Hypersonic របស់ប្រទេសចិន

    BY autoadmin October 28, 2021
    សហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីការធ្វើតេស្តមីស៊ីលល្បឿនលឿនជាងសំឡេង Hypersonic របស់ប្រទេសចិន

    មន្ត្រីយោធាកំពូលរបស់សហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីការធ្វើតេស្តអាវុធល្បឿនលឿនជាងសំឡេងរបស់ចិន (Hypersonic) ដោយហៅវាថាជា «ព្រឹត្តិការណ៍ដ៏សំខាន់»។ ជាក់ស្ដែងកាលពីដើមខែនេះ កាសែត Financial Times បានរាយការណ៍ថា ប្រទេសចិនបានធ្វើតេស្តមីស៊ីល Hypersonic ដែលមានសមត្ថភាពនុយក្លេអ៊ែរនៅក្នុងខែសីហា ហើយអ្វីដែលសំខាន់ វាអាចមានលទ្ធភាពគេចពីប្រព័ន្ធការពារមីស៊ីលរបស់អាមេរិក។

    ប្រធានអគ្គសេនាធិការចម្រុះលោកឧត្តមសេនីយ៍ Mark Milley បានប្រាប់អ្នកសារព័ត៌មានថា៖ «អ្វីដែលយើងបានឃើញ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៃការសាកល្បងប្រព័ន្ធអាវុធលឿនជាងសំឡេង។ វាពិតជាគួរឱ្យព្រួយបារម្ភណាស់»។ លោក Milley បានទាញការប្រៀបធៀបមីស៊ីល Hypersonic របស់ប្រទេសចិន ជាមួយនឹងផ្កាយរណប Sputnik ដែលត្រូវបានបង្ហោះជាលើកដំបូងបំផុតនៅឆ្នាំ១៩៥៧ ដោយបានបន្ថែមថា មីស៊ីលរបស់ចិនកំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំង ដូចនឹងពេលដែល Sputnik ត្រូវបានសហភាពសូវៀតបង្ហោះនៅពេលនោះដែរ។

    ជម្រាបដែរថា មីស៊ីលលឿន​ជាង​សំឡេង ​Hypersonic ធ្វើ​ដំណើរ​ក្នុង​ល្បឿនលឿនជាងសំឡេងដល់ទៅ ៥ដង ដោយ​មាន​សមត្ថភាព​អាចបត់បែននៅពេលហោះ​ហើរ ហើយ​ត្រូវ​បាន​គេ​ជឿ​ថា​ពិបាក​ស្ទាក់​ចាប់ណាស់។ ក្រសួងការពារជាតិអាមេរិកបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនបានធ្វើការសាកល្បងជាបន្តបន្ទាប់ទាក់ទងនឹងអាវុធបែបនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: