ទើបតែបានស្គាល់ជាតិកោសខ្យល់លើកទីមួយ! ប្តីប្រពន្ធជនជាតិអូស្រ្តាលីមួយគូនេះ រំភើបភ្ញាក់ផ្អើលខ្លាំងអរកខិកកខុបតែម្ដង
អូស្រ្តាលី៖ បុរសជនជាតិអូស្រ្តាលីមួយរូប និងភរិយាបានបង្ហាញក្ដីរំភើបភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញស្នាមក្រហមដោយសារការ កោសខ្យល់ លើខ្នងរបស់ខ្លួនជាលើកដំបូង។ ជាក់ស្ដែង អ្នកស្រី Candise Raison និងប្ដីរបស់នាងលោក Matthew មកពីប្រទេសអូស្រ្តាលី បានសម្រេចធ្វើដំណើរកម្សាន្តនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីរយៈពេល ៦ថ្ងៃ។ ក្រោយពេលដើរកម្សាន្តអស់កម្លាំង អ្នកទាំង ២ ក៏នាំគ្នាចូលកន្លែងម៉ាស្សាមួយ ដើម្បីលំហែរាងកាយ ដោយនាងបានជ្រើសរើសយកការម៉ាស្សាដោយដៃ រីឯប្ដីនាងបានរើសយកការម៉ាស្សាដោយការ កោសខ្យល់។
បន្ទាប់ពីទទួលបានការកោសខ្យល់ពីអ្នកម៉ាស្សានៅទីនោះ ធ្វើឲ្យលោកមានភាពភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលបានឃើញស្នាមក្រហមឆ្អិនឆ្អៅរបស់លោក ហើយលោកក៏បានរៀបរាប់ឲ្យដឹងផងដែរថា លោកពិតជាទទួលបានអារម្មណ៍ពិសេសខ្លាំងណាស់។ មិនត្រឹមតែទទួលបានស្នាមក្រហមនេះទេ ប៉ុន្តែវាហាក់ដូចជាបានធូរស្រាលខ្លួន ជាពិសេសអាការៈឈឺខ្នងរបស់លោកដែលមានតាំងពីយូរនោះ ក៏ដូចជាបានជាសះស្បើយតែម្ដង។ នេះជាលើកទីមួយហើយដែលលោកបានសាកល្បងការម៉ាស្សាកោសខ្យល់នេះ ទាំងភរិយារបស់លោក និងខ្លួនលោកផ្ទាល់ពិតជារីករាយ ហើយក៏ចង់សាកល្បងកោសខ្យល់នាពេលក្រោយទៀតផងដែរ៕




ប្រភព៖ dailymail