អន្តរជាតិ

អាមេរិកបានអនុញ្ញាតឱ្យប្រើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់កុមារអាយុពី ៥ ទៅ ១១ឆ្នាំ ក្នុងស្ថានភាពបន្ទាន់

BY
autoadmin
October 30, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានរាយការណ៍ថា រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក បានអនុញ្ញាតឱ្យមានការប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់ លើវ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី១ របស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់កុមារដែលមានអាយុពី ៥ ទៅ ១១ឆ្នាំ។ FDA បានធ្វើសេចក្តីប្រកាសនេះកាលពីថ្ងៃសុក្រ ហើយទីប្រឹក្សានៃមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC) ត្រូវបានគេរំពឹងថា នឹងជួបប្រជុំគ្នានៅថ្ងៃអង្គារសប្តាហ៍ក្រោយ ដើម្បីសម្រេចថា តើត្រូវណែនាំការចាក់វ៉ាក់សាំងសម្រាប់ក្រុមអាយុនេះដែរ ឬទេ។

ក៏ដូចមនុស្សចាស់ដែរ កុមារក្នុងក្រុមអាយុពី ៥ ទៅ ១១ឆ្នាំ នឹងត្រូវតម្រូវឱ្យចាក់វ៉ាក់សាំងលើកទី២ របស់ពួកគេ ក្នុងរយៈពេល ៣សប្តាហ៍ បន្ទាប់ពីការចាក់លើកទីមួយ។ ពួកគេនឹងទទួលបានវ៉ាក់សាំងកម្រិត ១០មីក្រូក្រាម ក្នុងមួយដូស ឬ ១ ភាគ ៣ នៃចំនួនដែលបានផ្តល់ឱ្យអ្នកដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ។ របាយការណ៍ពី CDC បាននិយាយថា កុមារប្រហែល ៨,៣០០នាក់ ដែលមានអាយុពី ៥ ទៅ ១១ឆ្នាំ នៅសហរដ្ឋអាមេរិក ត្រូវបានសម្រាកនៅមន្ទីរពេទ្យ ដោយសារតែជំងឺ COVID-19 ខណៈ ១៤៦នាក់ បានស្លាប់។

ការសិក្សាមួយរបស់ American Academy of Pediatrics ក៏បានបង្ហាញថា កុមារប្រហែល ១១៧,០០០ នាក់ ក្នុងសហរដ្ឋអាមេរិក បានឆ្លងជំងឺ COVID-19 នៅចន្លោះថ្ងៃទី១៤ និង ២១ ខែតុលា។ តួលេខនេះគឺស្មើនឹង ១ ភាគ ៤ នៃចំនួនសរុប ដូច្នេះវាមានភាពចាំបាច់ក្នុងការឱ្យកុមារ ទទួលបានវ៉ាក់សាំងការពារដូចមនុស្សពេញវ័យដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: