ប្រទេសថៃគ្រោងនឹងរៀបចំអាហារប៊ូហ្វេដ៏ធំមួយ សម្រាប់សត្វស្វារាប់ពាន់ក្បាលនៅខេត្ត Lop Buri នៅចុងខែវិច្ឆិកាខាងមុខ
- BY
- autoadmin
- November 1, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger បានរាយការណ៍ថា ប្រទេសថៃគ្រោងនឹងរៀបចំពិធីជប់លៀងឱ្យសត្វស្វាប្រចាំឆ្នាំ (Monkey Festival) នៅខេត្ត Lop Buri ភាគកណ្តាលរបស់ប្រទេស ហើយពួកគេនឹងធ្វើការរៀបចំអាហារប៊ូហ្វេផ្លែឈើ សម្រាប់សត្វស្វារាប់ពាន់ក្បាល ដែលរស់នៅឯប្រាសាទ Pra Prang Sam Yod ដែលជាប្រាសាទសាងសង់ឡើងនៅក្នុងសតវត្សទី១៣។ ពិធីជប់លៀងនេះគ្រោងធ្វើឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ប៉ុន្តែសត្វស្វាខ្លះក៏បានទទួលចំណីមួយចំនួនរួចទៅហើយ នៅមុនពេលការរៀបចំអាហារប៊ូហ្វេដ៏ធំនឹងឈានចូលមកដល់។

ជាមួយនឹងកង្វះអ្នកទេសចរក្នុងអំឡុងពេលមានរោគរាតត្បាត COVID-19 អ្នកស្រុកនៅទីនោះបាន និងកំពុងធ្វើឱ្យប្រាកដថា សត្វស្វាត្រូវបានផ្តល់អាហារយ៉ាងល្អ។ សម្រាប់ពិធីជប់លៀងសម្រាប់សត្វស្វានៅក្នុងឆ្នាំនេះផ្ទាល់ អ្នកស្រុកនៅខេត្ត Lop Buri នឹងធ្វើការរៀបចំចំនួន ១០០ តុ ដោយមានតុខ្លះរៀបចំជាពំនូកផ្លែឈើជាដើម។ គួរឱ្យដឹងដែរថា ខេត្ត Lop Buri ជាជម្រករបស់ស្វារាប់ពាន់ក្បាល ដោយមានក្រុមធំមួយកាន់កាប់តំបន់ប្រាសាទប្រវត្តិសាស្ត្រ និងក្រុមផ្សេងទៀតកាន់កាប់តាមដងផ្លូវក្បែរនោះ ដែលជាផ្នែកមួយដែលទាក់ទាញភ្ញៀវទេសចរផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ The Thaiger
- Share This Post:






