ប្រទេសជប៉ុននឹងកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កមកត្រឹម ៣ថ្ងៃ សម្រាប់អ្នកដំណើរប្រភេទនេះ
- BY
- autoadmin
- November 2, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានរាយការណ៍ថា រដ្ឋាភិបាលជប៉ុនគ្រោងនឹងកាត់បន្ថយរយៈពេលដាក់ឱ្យនៅដាច់ដោយឡែកពី ១០ ទៅ ៣ថ្ងៃ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ ដែលមកដល់ប្រទេសជប៉ុនសម្រាប់គោលបំណងអាជីវកម្ម ហើយច្បាប់ថ្មីនេះនឹងចូលជាធរមាននៅថ្ងៃច័ន្ទ ដើមសប្តាហ៍ក្រោយ។ គួរឱ្យដឹងដែរថា ច្បាប់ចាស់របស់ប្រទេសជប៉ុន គឺតម្រូវឱ្យអ្នកដំណើរបរទេសទាំងអស់ ត្រូវធ្វើការនៅដាច់ដោយឡែកដោយខ្លួនឯងរយៈពេល ១៤ ថ្ងៃជាមុនសិន ហើយមកដល់ខែតុលា វាបានកាត់បន្ថយនៅត្រឹម ១០ថ្ងៃ សម្រាប់អ្នកចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer, Moderna ឬ AstraZeneca។

នៅក្រោមច្បាប់ថ្មីនេះ អ្នកជំនួញដែលមកដល់ប្រទេសជប៉ុន នឹងត្រូវបានស្នើសុំឱ្យនៅដាច់ដោយឡែកដោយខ្លួនឯង រយៈពេល ៣ ថ្ងៃ ហើយចាប់ពីថ្ងៃទី៤ តទៅ ពួកគេនឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ និងចេញហូបអាហារ នៅពេលពួកគេធ្វើតេស្តអវិជ្ជមានចំពោះជំងឺ COVID-19 ខណៈក្រុមហ៊ុនដែលពួកគេកំពុងធ្វើការជាមួយនឹងត្រូវតាមដានពួកគេ។ អាជ្ញាធរក៏គ្រោងនឹងអនុញ្ញាតឱ្យនិស្សិតបរទេសចូលមកប្រទេសជប៉ុនសម្រាប់ការសិក្សា ដរាបណាសាលារបស់ពួកគេធ្វើការកំណត់លើកន្លែងស្នាក់នៅរបស់ពួកគេ។ រដ្ឋាភិបាលក៏មានគម្រោងបង្កើនចំនួនភ្ញៀវទេសចរអន្តរជាតិពី ៣,៥០០ នាក់ ក្នុងមួយថ្ងៃ រហូតដល់ ៥,០០០ នាក់ ដោយចាប់ផ្តើមពីចុងខែនេះផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






