ទីបំផុតក្លឹបបឹងកេតមានកីឡាដ្ឋានផ្ទាល់ខ្លួននឹងគេហើយ
- October 5, 2018
កាលពីព្រឹកមិញនេះក្លឹបបឹងកេតដែលកំពុងតែប្រកបអាជីពនៅក្នុងលីគកំពូល Cambodian Metfone League បានធ្វើពិធីសែនព្រែនដើម្បីបើកការសាងសង់កីឡាដ្ឋានគម្រោងទី 1 របស់ក្លឹបហើយ បន្ទាប់ពីក្លឹបបឹងកេតបានស្នើសុំយកពហុកីឡាដ្ឋានជាតិធ្វើជាកីឡាដ្ឋានផ្ទាល់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមក។

យោងតាមគេហទំព័ររបស់ក្លឹបបឹងកេតដែលបានបង្ហោះពីគម្រោងសាងសង់កីឡាដ្ឋានថ្មីផ្ទាល់ខ្លួនរបស់គេបានឲ្យដឹងថា៖ នៅព្រឹកថ្ងៃនេះថ្នាក់ដឹកនាំរបស់ក្លិបបានរៀបចំពិធីសែនព្រែនដើម្បីបើកការដ្ឋានសាងសង់កីឡដ្ឋានគម្រោងទី១របស់យើងដែលមានទីតាំងនៅតំបន់បឹងស្នោ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។ ការសាងសង់គ្រោងនឹងបញ្ចប់ឲ្យរួចរាល់មុនរដូវកាលក្រោយដើម្បីត្រៀមស្វាគមន៍ការប្រកួតលីគកំពូល ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ក៏ដូចជាពានរង្វាន់អន្ដរជាតិផ្សេងៗ។ ក្រៅអំពីការចូលរួមទស្សនាការប្រកួតនានាក្នុងទឹកដីរបស់យើងនៅកីឡដ្ឋានថ្មីនេះអ្នកគាំទ្រក៏អាចរីករាយទទួលយកនូវបទពិសោធន៍ថ្មី ជាមួយការដើរកម្សាន្ត ទិញទំនិញផ្សេងៗ ទទួលទានអាហារឆ្ងាញ់ៗក្នុងភោជនីយដ្ឋានដែលមានភាសុខភាព លេងកីឡា ឬហាត់ប្រាណនៅកន្លែង Gym ដែលបំពាក់ដោយឧបករណ៍ទំនើបៗផងដែរ។
គួរបញ្ជាក់ផងដែរថា៖ ពេលនេះក្លឹបដែលកំពុងប្រកបអាជីពក្នុងលីគកំពូលរបស់កម្ពុជាជាច្រើនបានចាប់ផ្ដើមសាងសង់កីឡាដ្ឋានផ្ទាល់ខ្លួនហើយ ខណៈដែលពេលនេះមានក្លឹបចំនួន 6 ហើយដែលមានកីឡាដ្ឋានផ្ទាល់ខ្លួនគឺមានដូចជាក្លឹប៖ Phnom Penh Crown, ក្រសួងការពារជាតិ, អាស៊ីអឺរ៉ុប, Western United, ព្រះខ័នរាជស្វាយរៀង និងក្លឹប Angkor Tiger។

បុត្រ
ប្រភពពី៖ Boeung Ket Football Club
- Share This Post:






