អន្តរជាតិ

អេត្យូពី​បានប្រកាសដាក់ប្រទេសក្នុង​គ្រាអាសន្ន បន្ទាប់ពី​ក្រុម​សកម្មប្រយុទ្ធ​ព្រមាននឹងវាយលុកចូលទៅកាន់រដ្ឋធានី

BY
autoadmin
November 3, 2021

រដ្ឋាភិបាល​នៃប្រទេសអេត្យូពី​បាន​ប្រកាស​ដាក់​ប្រទេសរបស់ខ្លួននៅ​ក្នុងភាព​អាសន្ន​ បន្ទាប់ពី​ក្រុម​សកម្មប្រយុទ្ធ​មក​ពី​តំបន់​ភាគ​ខាងជើង​នៃ​ទីក្រុង Tigray បានគំរាមថា ​ពួកគេនឹងធ្វើការ​វាយ​លុក​ចូល​ក្នុង​រដ្ឋធានីរបស់ប្រទេសនេះ។ ក្រុមសកម្មប្រយុទ្ធបានអះអាងថា ពួកគេបានដណ្តើមកាន់កាប់ទីក្រុងជាច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយកំពុងគំរាមនឹងហែក្បួននៅរដ្ឋធានី Addis Ababa ចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រ ទៅភាគខាងត្បូង។ ស្ថានភាពអាសន្នត្រូវបានប្រកាសឡើងកាលពីថ្ងៃអង្គារ ជាមួយនឹងសុពលភាពរយៈពេល ៦ ខែ។

រដ្ឋាភិបាល​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ដាក់​កំហិត​ការ​ចេញ​ក្រៅ​ពេល​យប់ និង​បង្ក្រាប​អ្នក​ណា​ដែល​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ ឬ​ជំនួយ​ផ្សេង​ទៀត​ដល់​ពួក​សកម្មប្រយុទ្ធ។ ចំណែកអាជ្ញាធរនៅរដ្ឋធានី Addis Ababa មុននេះ ក៏បានប្រាប់អ្នកស្រុកឱ្យចុះបញ្ជីអាវុធរបស់ពួកគេ ហើយរៀបចំការពារសង្កាត់របស់ពួកគេពីពួកសកម្មប្រយុទ្ធ។ ជាមួយគ្នានេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ គឺលោក Antonio Guterres បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ដោយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពរបស់ប្រទេសអេត្យូពី​៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: