តាមពិតសំរាមពេញឆ្នេរអូរឈើទាល មិនមែនជាកាកសំណល់តាមផ្ទះនោះទេ វាគឺជា…
ក្រុងព្រះសីហនុ-មន្ត្រីសាលាក្រុងព្រះសីហនុថ្លែងថា ប៉ុន្មានថ្ងៃកន្លងមកនេះ មានកំទេចកំប្លោក និងសំរាមឫសរុក្ខជាតិមួយចំនួនបានរសាត់អណ្តែតពីក្នុងសមុទ្រមកទើលើឆ្នេរអូរឈើទាល ធ្វើអោយបាត់បង់សោភណ្ឌភាពតំបន់ឆ្នេរ។ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ មន្ត្រីសាលាក្រុងនិងបុគ្គលិកផ្នែកសំអាតក៍បានចុះទៅកើបប្រមូលយកកំទេចសំរាមទាំងអស់ ដើម្បីសំអាតឆ្នេរខ្សាច់ឡើងវិញ ដែលតាមមន្ត្រីថា ការសំអាតនឹងធ្វើបន្តមកដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨នេះទៀត។
ជុំវិញបញ្ហានេះ អភិបាលក្រុងព្រះសីហនុបានពន្យល់ថា កាកសំណល់ដែលអណ្តែតពីក្នុងសមុទ្រមកទើលើឆ្នេរខ្សាច់នេះ មិនមែនជាកាកសំណល់តាមផ្ទះនោះទេ គឺជាប្រភេទរុក្ខជាតិកំប្លោក និងឫសរុក្ខជាតិផ្សេងៗមួយចំនួនទៀត។ សេចក្តីរាយការណ៍ពីមន្ត្រីសាលាខេត្តព្រះសីហនុអោយដឹងដែរថា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨នេះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ នឹងដឹកនាំមន្រ្តីរាជការនិងផ្នែកពាក់ពន្ធ័ចូលរួមសំអាតអនាម័យ បរិស្ថាននៅឆ្នេរអូរឈើទាលនេះផងដែរ៕

ប្រភព៖ លោក Huy Bunleng



