ទារកអាយុក្រោម ៦ខែ ចំនួន ១៨នាក់ នៅទីក្រុងហាណូយ ត្រូវបានបុគ្គលិកពេទ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយច្រឡំថាវាជាវ៉ាក់សាំងការពារជំងឺធម្មតា
- BY
- autoadmin
- November 5, 2021
នាយកដ្ឋានសុខភាពទីក្រុងហាណូយបានឱ្យដឹងថា ទារកចំនួន ១៨ នាក់ របស់ទីក្រុងនេះផ្ទាល់ ត្រូវបានគេច្រឡំចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer ដោយស្មានថា វាជាវ៉ាក់សាំងបង្ការជំងឺសម្រាប់ទារកជាធម្មតា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress បានរាយការណ៍ថា ទារកអាយុទាំងនោះមានអាយុពី ២ ទៅ ៦ខែ និងបានទទួលការចាក់វ៉ាក់សាំងនៅឯមន្ទីរពេទ្យឃុំ Yen Son ក្នុងស្រុក Quoc Oai ទីក្រុងហាណូយ ហើយឥឡូវនេះពួកគេក៏ត្រូវបានផ្ទេរទៅមន្ទីរពេទ្យ Saint Paul ដើម្បីត្រួតពិនិត្យសុខភាពផងដែរ។

ប្រភពដដែលបាននិយាយថា បុគ្គលិកពេទ្យម្នាក់បានច្រឡំវ៉ាក់សាំងបង្ការជំងឺ COVID-19 ថាជាវ៉ាក់សាំងបង្ការជំងឺសម្រាប់ទារកទូទៅ ប៉ុន្តែមិនបានបញ្ជាក់ថាដើមហេតុយ៉ាងណានោះទេ។ យ៉ាងណាក៏ដោយ ទារកតូចៗទាំងនោះនៅមិនទាន់មានរោគសញ្ញាធ្ងន់ធ្ងរណាមួយទេ ប៉ុន្តែពួកគេមានអាការគ្រុនក្ដៅ និងផលរំខានដែលមានជាធម្មតា សម្រាប់អ្នកចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19។ ចំណែកឯអាជ្ញាធរស្រុក Quoc Oai ក៏បានបញ្ជាឱ្យព្យួរការងារបុគ្គលិកម្នាក់នោះ ហើយពិនិត្យឡើងវិញលើដំណើរការចាក់វ៉ាក់សាំងទាំងមូល។
គួរឱ្យដឹងដែរថា ទីក្រុងហាណូយមិនទាន់អនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់កុមារនៅឡើយទេ បើទោះបីជាក្រសួងសុខាភិបាលវៀតណាម បានអនុម័តការចាក់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Pfizer លើកុមារអាយុពី ១២-១៧ ឆ្នាំក៏ដោយ។ ពោលគឺពួកគេនឹងផ្ដើមចាក់វ៉ាក់សាំងដល់កុមារអាយុពី ១២-១៧ ឆ្នាំ នៅត្រីមាសទី១ នៃឆ្នាំ២០២២ ដោយនឹងផ្តល់អាទិភាពដល់អ្នកក្មេងជំទង់វ័យ ១៦-១៧ ឆ្នាំ នៅមុនពេលដែលត្រូវចាក់វ៉ាក់សាំងឱ្យកុមារអាយុតិចជាងនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress
- Share This Post:






