អន្តរជាតិ

សាលារៀនមួយនៅប្រទេសថៃត្រូវបិទទ្វារឡើងវិញ ដោយសារបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤០នាក់ ក្រោយបើកសាលារៀនមិនបានប៉ុន្មានថ្ងៃ

BY
autoadmin
November 5, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានរាយការណ៍ថា ​អនុវិទ្យាល័យមួយនៅស្រុក Nikhom Khamsoi នៃខេត្ត Mukdahan របស់ប្រទេសថៃ ត្រូវបានការិយាល័យសុខភាពសាធារណៈខេត្តបិទទ្វារវិញកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមនុស្ស ៤០នាក់ បានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 ។ មន្ត្រី​សុខាភិបាល​ខេត្ត​ Mukdahan បាន​បើក​ការ​ធ្វើ​តេស្ត​ទូទាំង​សាលា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​បាន​រក​ឃើញ​ថា មនុស្ស​យ៉ាង​ហោច​ណាស់ ៤០ នាក់ ​បាន​ធ្វើ​តេស្ត​វិជ្ជមានជាមួយជំងឺ COVID-19 ហើយខាងសាលាក៏បានបិទទ្វារនៅថ្ងៃដដែលនោះ ដោយមិនអនុញ្ញាតឱ្យនរណាម្នាក់ចេញពីសាលាឡើយ។

មន្ត្រី​សុខាភិបាល​សាធារណៈ​បាន​បង្ហាញ​ថា អ្នក​ដែលបានឆ្លងជំងឺ COVID-19​ គឺជា​គ្រូ បុគ្គលិក និង​សិស្ស ​ដែល​បានត្រឡប់​ទៅ​សាលារៀនវិញ​តាំង​ពី​ដើម​ខែ​នេះ ពោលគឺមិនប៉ុន្មានថ្ងៃប៉ុណ្ណោះ។ សាលារៀននេះត្រូវបានគេរាយការណ៍ថា មានសិស្សសរុបចំនួន ១,២០០ នាក់ និង សមាជិកនៅក្នុងសាលា និងបុគ្គលិកជាង ៧០ នាក់។ មន្ត្រី​បាន​បន្ត​ថា ក្រោយ​ការ​ធ្វើ​តេស្ដ​រួចរាល់ អ្នក​ជំងឺ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ Nikhom Khamsoi ដើម្បី​ព្យាបាល ខណៈពួកគេជឿជាក់ថា យ៉ាងហោចណាស់នឹងមានមនុស្សចំនួន ៦០នាក់ បានឆ្លងជំងឺ​ COVID-19 នៅក្នុងការតេស្ដលើកដំបូងរបស់ពួកគេ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: