អន្តរជាតិ

ប្រទេសជប៉ុនសម្រេចអនុញ្ញាតឱ្យជនបរទេស ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ពេញលេញ​ អាចចូលមកកាន់ប្រទេសខ្លួនបាន

BY
autoadmin
November 6, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានរាយការណ៍ថា ប្រទេសជប៉ុនបានសម្រេចអនុញ្ញាតឱ្យជនបរទេស ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ​ COVID-19 ពេញលេញ អាចចូលមកកាន់ប្រទេសរបស់ខ្លួនបាន ប៉ុន្តែ​ព្រំដែន​នឹង​នៅ​តែ​បិទ​សម្រាប់​ភ្ញៀវ​ទេសចរ។ រំលឹកដែរថា ច្បាប់ដ៏តឹងរ៉ឹងចំពោះការចូលរបស់ជនបរទេស ត្រូវបានដាក់ឱ្យអនុវត្តកាលពី ១០ ខែមុន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺ COVID-19 របស់ប្រទេសជប៉ុន។

អនុប្រធានខុទ្ទកាល័យជប៉ុនលោក Kihara Seiji បាននិយាយថា រដ្ឋាភិបាលកំពុងពិចារណាលើផែនការដែលអនុញ្ញាតឱ្យភ្ញៀវទេសចរ អាចចូលប្រទេសជប៉ុនជាដំណាក់កាល ដោយនឹងពិនិត្យមើលប្រសិទ្ធភាពនៃការត្រួតពិនិត្យ ការមកដល់ថ្មី និងស្ថានភាពជំងឺនៅចុងឆ្នាំនេះ។ ចំណែកឯក្រុមឧស្សាហកម្ម និងនិស្សិត ក៏បាននឹងកំពុងធ្វើយុទ្ធនាការដើម្បីចង់ឱ្យច្បាប់ត្រូវបានបន្ធូរបន្ថយ ជាពិសេសនៅពេលដែលចំនួននៃការឆ្លងប្រចាំថ្ងៃបានធ្លាក់ចុះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: