សហរដ្ឋអាមេរិកចាប់ផ្ដើមបើកព្រំដែនឡើងវិញនៅថ្ងៃចន្ទនេះ បន្ទាប់ពីការរឹតត្បឹតរយៈពេល ២០ខែ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩
- BY
- autoadmin
- November 8, 2021
សហរដ្ឋអាមេរិកនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញនៅថ្ងៃចន្ទនេះ ដើម្បីទទួលភ្ញៀវបរទេសដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 គ្រប់ចំនួនដូស បន្ទាប់ពីការរឹតត្បឹតជាង ២០ខែ ដែលត្រូវបានដាក់ឡើងតាំងពីជំនាន់អតីតប្រធានាធិបតីលោក Donald Trump នៅកាន់តំណែងមកម្ល៉េះ។ ការបន្ធូរបន្ថយនេះនឹងមានប្រសិទ្ធភាពលើពលរដ្ឋមិនមែនជាជនជាតិអាមេរិក មកពីជាង ៣០ ប្រទេស រួមទាំងរដ្ឋចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប។ ចំណែកក្រុមហ៊ុនអាកាសចរណ៍រំពឹងថា នឹងទទួលបានភ្ញៀវទេសចរច្រើនកុះករ នៅពេលដែលការរឹតបន្តឹងត្រូវបានលុបចោល សម្រាប់អ្នកដែលចាក់វ៉ាក់សាំង និងឆ្លងកាត់ការធ្វើតេស្ត និងតាមដានអ្នកមានទំនាក់ទំនង។

រំលឹកដែរថា នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺ COVID-19 សហរដ្ឋអាមេរិកបានបិទព្រំដែនជាលើកដំបូងលើអ្នកធ្វើដំណើរមកពីប្រទេសចិននៅដើមឆ្នាំ២០២០ ហើយក្រោយមកការរឹតបន្តឹងត្រូវបានពង្រីកទៅប្រទេសផ្សេងទៀត។ ច្បាប់នេះបានហាមប្រាមលើពលរដ្ឋដែលមិនមែនជនជាតិអាមេរិក ដែលភាគច្រើនធ្លាប់នៅក្នុងចក្រភពអង់គ្លេស និងប្រទេសអឺរ៉ុបមួយចំនួនទៀត ព្រមទាំងចិន ឥណ្ឌា អាហ្វ្រិកខាងត្បូង អ៊ីរ៉ង់ និងប្រេស៊ីល។ ចំពោះនៅក្រោមច្បាប់ថ្មីនេះវិញ អ្នកដំណើរបរទេសនឹងត្រូវបង្ហាញភស្តុតាងនៃការចាក់ថ្នាំបង្ការមុនពេលហោះហើរ ទទួលបានលទ្ធផលតេស្តអវិជ្ជមានក្នុងរយៈពេល ៣ថ្ងៃ មុនការធ្វើដំណើរ និងប្រគល់ព័ត៌មានអ្នកដែលមានទំនាក់ទំនងជាមួយពួកគេ ហើយពួកគេនឹងមិនចាំបាច់ដាក់ឱ្យនៅដាច់ដោយឡែកនោះឡើយ៕


អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






