អន្តរជាតិ

ប្រទេសជប៉ុនគ្រោងនឹងផ្តល់សំណងជា​ប័ណ្ណ​ទូទាត់ និងសាច់ប្រាក់សុទ្ធសរុបជិត ៩០០ ដុល្លារអាមេរិក ដល់ក្មេងអាយុក្រោម ១៨ឆ្នាំ ដែលជាផ្នែកមួយនៃកញ្ចប់ជំរុញទឹកចិត្តរបស់រដ្ឋាភិបាល

BY
autoadmin
November 10, 2021

ទីភ្នាក់ងារសារព័ត៌មានជប៉ុន Jiji បាននិយាយថា គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាគណបក្សកាន់អំណាច និងដៃគូសម្ព័ន្ធរបស់ខ្លួន គឺគណបក្ស Komeito បានយល់ព្រមផ្តល់​ជាប័ណ្ណ​ទូទាត់ ឬ Voucher និងការទូទាត់ជាសាច់ប្រាក់ ដែលមានតម្លៃសរុប ១០០,០០០ យ៉េន (៨៨២ដុល្លារ) ជូនដល់កុមារដែលមានអាយុក្រោម ១៨ឆ្នាំ ដែលជាផ្នែកនៃកញ្ចប់ជំរុញទឹកចិត្តរបស់រដ្ឋាភិបាលជប៉ុន សម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាប ដែលរងគ្រោះដោយសារវិបត្តិនៃជំងឺ COVID-19 ។

នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida បានប្រាប់ទៅនាយកប្រតិបត្តិរបស់បក្ស LDP នៅព្រឹកថ្ងៃអង្គារថា លោកចង់សម្របសម្រួលកញ្ចប់ជំរុញសេដ្ឋកិច្ច នៅថ្ងៃទី១៩ ខែវិច្ឆិកា និងថវិកាបន្ថែមផ្សេងទៀត ដើម្បីផ្តល់មូលនិធិដល់ការចំណាយនៅចុងខែនេះ។ ចំណែកខាងបក្ស Komeito បានអំពាវនាវឱ្យមានការបង់ប្រាក់ជាសាច់ប្រាក់ចំនួន ១០០,០០០ យ៉េន ដល់កុមារដែលមានអាយុ ១៨ឆ្នាំ ឬតិចជាងនេះ ខណៈខាងមន្ត្រីរបស់ LDP ចង់ឱ្យមានការកំណត់ប្រាក់ចំណូលរបស់ពួកគេ។

យ៉ាងណាក៏ដោយដើម្បីជា​ការ​សម្រុះសម្រួលគ្នា ភាគី​ទាំង ២ បាន​យល់​ព្រម​ផ្តល់​ប្រាក់​ចំនួន​ពាក់​កណ្តាល​ក្នុង​ទម្រង់​ជា Voucher  ហើយពាក់កណ្តាលទៀត នឹងត្រូវបង់ជាសាច់ប្រាក់ ទោះបីជាភាគីទាំង ២ នៅតែមិនទាន់សម្រេចចិត្តថា តើត្រូវកំណត់កម្រិតប្រាក់ចំណូលប្រចាំឆ្នាំសម្រាប់អ្នកដែលមានសិទ្ធិ ឬអត់៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: