ប្រទេសវៀតណាមបានអនុម័តការប្រើប្រាស់វ៉ាក់សាំង Covaxin របស់ប្រទេសឥណ្ឌា បន្ទាប់ពីអង្គការសុខភាពពិភពលោកបានបើកភ្លើងបៃតងឱ្យវ៉ាក់សាំងបង្ការជំងឺកូវីដ១៩មួយនេះ
- BY
- autoadmin
- November 11, 2021
ក្រសួងសុខាភិបាលវៀតណាមបានអនុម័តវ៉ាក់សាំង Covaxin របស់ប្រទេសឥណ្ឌា សម្រាប់ការប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់ ដែលធ្វើឱ្យវាក្លាយជាវ៉ាក់សាំងបង្ការជំងឺ COVID-19 ទី៩ ដែលខ្លួនបានអនុញ្ញាត។ អង្គការសុខភាពពិភពលោក (WHO) ក៏បានចុះបញ្ជីសម្រាប់ការប្រើប្រាស់ជាបន្ទាន់ ចំពោះវ៉ាក់សាំង Covaxin កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ដោយបញ្ជាក់ថា Covaxin ត្រូវបានមើលឃើញថា មានប្រសិទ្ធភាព ៧៨% ប្រឆាំងនឹងជំងឺ COVID-19 គ្រប់កម្រិត បន្ទាប់ពីការចាក់លើកទី២ បានរយៈពេល ១៤ថ្ងៃ ឬច្រើនជាងនេះ ហើយវាស័ក្តិសមសម្រាប់ប្រទេសដែលមានចំណូលទាប និងមធ្យម ដោយសារវាមានតម្រូវការផ្ទុកងាយស្រួល ពោលគឺវាអាចរក្សាទុកនៅសីតុណ្ហភាព 2-8 អង្សាសេ។

វ៉ាក់សាំង Covaxin គឺជាវ៉ាក់សាំងទី៨ ដែលទទួលស្គាល់ដោយ WHO សម្រាប់ការការពារជំងឺ COVID-19 ជាមួយនឹងថ្នាំផ្សេងទៀតរួមមានវ៉ាក់សាំងរបស់ AstraZeneca, Pfizer, Moderna និង Johnson & Johnson, Sinopharm និង Sinovac ។ នៅប្រទេសវៀតណាម ក្រៅពីវ៉ាក់សាំងដែលណែនាំដោយ WHO គឺមានវ៉ាក់សាំងចំនួន ៣ ផ្សេងទៀត ដែលត្រូវបានគេអនុម័តរួមមាន៖ Sputnik V របស់រុស្ស៊ី, Abdala របស់គុយបា និង Hayat-Vax ដែលត្រូវបានបង្កើតឡើងដោយប្រទេសចិន និងផលិតនៅអារ៉ាប់រួម។ រហូតមកដល់ពេលនេះ ប្រទេសវៀតណាមបានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ១២៥ លានដូស ហើយគិតត្រឹមថ្ងៃពុធ មានពលរដ្ឋវៀតណាមចំនួន ៣១.៦ លាននាក់ បានចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ១ដូស និងជាង ៣០ លាននាក់ បានចាក់វ៉ាសក់សាំងគ្រប់ចំនួនដូស៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress
- Share This Post:






