រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក បានប្រកាសប្រមូលមកវិញនូវឧបករណ៍តេស្ដរហ័សរកកូវីដរបស់ក្រុមហ៊ុន Ellume ក្រោយមានបញ្ហាលទ្ធផលវិជ្ជមានមិនពិត
- BY
- autoadmin
- November 12, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT បានឱ្យដឹងថា រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានប្រកាសប្រមូលយកមកវិញនូវឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ចំនួន ២.២ លានឧបករណ៍ ដែលផលិតឡើងដោយក្រុមហ៊ុន Ellume ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និងជាក្រុមហ៊ុនដំបូងបំផុត ដែលអាចទទួលបានការអនុញ្ញាតពី FDA ចំពោះឧបករណ៍តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ របស់ខ្លួន។

ការប្រមូលយកមកវិញនេះ គឺដោយសារឧបករណ៍របស់ Ellume បានបង្ហាញលទ្ធផល «វិជ្ជមានមិនពិត» ឬហៅថា False positive ហើយកន្លងមកក៏មានករណីចំនួន ៣៥ ត្រូវបានគេរាយការណ៍។ ការប្រកាសនេះក៏ជាការបង្គាប់បន្ថែមទៀត ទៅលើការហៅមកវិញចំនួន ២០០,០០០ ឧបករណ៍ ដែលត្រូវបានប្រកាសកាលពីខែមុន ជាមួយនឹងបញ្ហាដូចគ្នាដដែលនេះ។ FDA បាននិយាយថា ចំពោះអ្នកដែលទទួលបានលទ្ធផលតេស្តអវិជ្ជមានពីការប្រើឧបករណ៍របស់ Ellume មិនត្រូវមានការប៉ះពាល់នោះទេ។
ប៉ុន្តែយ៉ាងណា អ្នកដែលបានទិញឧបករណ៍ធ្វើតេស្តរហ័សរបស់ក្រុមហ៊ុន Ellume គួរតែពិនិត្យមើលផលិតផលរបស់ខ្លួន ដោយធ្វើការបញ្ចូលលេខកូដ (lot) ទៅលើគេហទំព័រ Ellume ដែលនឹងកំណត់ថា តើឧបករណ៍ធ្វើតេស្តនោះរងផលប៉ះពាល់ ឬអត់។ FDA បាននិយាយថា ប្រសិនបើអ្នកប្រើប្រាស់បានទទួលការធ្វើតេស្តវិជ្ជមាន ក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយ ពីឧបករណ៍តេស្ដរហ័សដែលរងផលប៉ះពាល់ ពួកគេគួរតែរកសេវាថែទាំសុខភាពបន្ថែមទៀត ដើម្បីបញ្ជាក់ពីសុខភាពរបស់ពួកគេ ព្រោះថា False positive គឺមានន័យថាជាលទ្ធផលវិជ្ជមាន ដែលអ្នកតេស្ដផ្ទាល់ពុំបានឆ្លងជំងឺនោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ RT
- Share This Post:






