អន្តរជាតិ

ក្រុមហ៊ុនឱសថអាមេរិក Moderna កំពុងដាក់ពាក្យសុំការយល់ព្រមពីប្រទេសជប៉ុន លើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ របស់ខ្លួន

BY
autoadmin
November 12, 2021

ក្រុមហ៊ុនឱសថអាមេរិក Moderna បានដាក់ពាក្យសុំការយល់ព្រម សម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៣ ឬដូសជំរុញរបស់ខ្លួន នៅក្នុងប្រទេសជប៉ុន។ ប្រភពបាននិយាយថា ក្រុមហ៊ុន Moderna បានដាក់ពាក្យស្នើសុំទៅក្រសួងសុខាភិបាលជប៉ុនកាលពីថ្ងៃពុធ តាមរយៈអ្នកចែកចាយរបស់ខ្លួនគឺក្រុមហ៊ុន Takeda Pharmaceutical។ ប្រភពបាននិយាយថា Moderna បានដាក់បញ្ជូនទិន្នន័យសាកល្បងព្យាបាលរបស់ខ្លួន លើមនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ដើម្បីឱ្យក្រសួងសុខាភិបាលធ្វើការត្រួតពិនិត្យ។

វ៉ាក់សាំងលើកទី៣ ត្រូវបានគេផ្តល់ឱ្យយ៉ាងហោចណាស់ ៦ខែ បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី២ ជាមួយនឹងកម្រិតពាក់កណ្តាលដែលបានប្រើនៅក្នុងការចាក់វ៉ាក់សាំងទាំង​២ លើក (ដូសទី១+ទី២)។ ការស្នើសុំនេះ គឺបន្ទាប់ពីក្រសួងសុខាភិបាលជប៉ុនបានផ្តល់ការយល់ព្រមជាលើកដំបូងរបស់ខ្លួន លើវ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៣ របស់ក្រុមហ៊ុន Pfizer-BioNTech កាលពីថ្ងៃព្រហស្បតិ៍ ហើយក្រុមមន្ត្រីគ្រោងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៣ ដល់បុគ្គលិកពេទ្យជួរមុខនៅដើមខែធ្នូនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: