អន្តរជាតិ

អូទ្រីសអាចនឹងក្លាយជាប្រទេសដំបូងគេបង្អស់ក្នុងពិភពលោក ដែលនឹងធ្វើការបិទខ្ទប់តំបន់ណាមួយ ដែលមានពលរដ្ឋមិនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

BY
autoadmin
November 13, 2021

ប្រទេសអូទ្រីសអាចនឹងក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលនឹងធ្វើការបិទខ្ទប់ទីតាំងជាក់លាក់ណាមួយ ប្រសិនបើមានពលរដ្ឋ ឬសូម្បីតែ ១នាក់ មិនបានធ្វើការចាក់វ៉ាក់សាំងបង្ការជំងឺ​ COVID-19 ឱ្យបានត្រឹមត្រូវ។ អធិការបតីលោក Alexander Schallenberg បាននិយាយថា ការសម្រេចចិត្តចុងក្រោយសម្រាប់គម្រោងនេះនឹងត្រូវធ្វើឡើងនៅចុងសប្តាហ៍នេះ។ លោកបាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលនៃប្រទេសអូទ្រីសនឹងធ្វើការប្តេជ្ញាចិត្តលើប្រព័ន្ធបិទខ្ទប់ ២ជាន់ នៅថ្ងៃអាទិត្យនេះ ហើយការ​សម្រេច​ចិត្ត​នឹង​ត្រូវ​ធ្វើ​ឡើង ​បន្ទាប់​ពី​កិច្ច​ប្រជុំ​ជាមួយ​អភិបាល​ខេត្ត​ចំនួន ៩ របស់​ប្រទេស។

ជាក់ស្ដែង អភិបាលរដ្ឋអូទ្រីសខាងលើ (Upper Austria) គឺលោក Thomas Stelzer បានស្នើសុំការអនុញ្ញាតពីរដ្ឋាភិបាលរួចមកហើយ ដើម្បីបិទខ្ទប់ខេត្តរបស់លោកចាប់ពីថ្ងៃចន្ទតទៅ នៅពេលដែលតំបន់នេះកំពុងមានការកើនឡើងនៃករណីជំងឺ COVID-19 ច្រើនជាងខេត្តដទៃទៀត។ គំនិតនៃការបិទខ្ទប់ទូទាំងប្រទេស ដោយផ្តោតលើអ្នកដែលមិនបានទទួលថ្នាំបង្ការ ត្រូវបានបង្ហោះជាលើកដំបូងដោយរដ្ឋាភិបាលនៅក្នុងខែកញ្ញា ហើយនឹងកំណត់ឱ្យចូលជាធរមាន នៅពេលដែលគ្រែ ICU របស់ប្រទេសនេះ បានបំពេញដោយអ្នកជំងឺ COVID-19 ខ្ទង់ ៣០% ស្របពេលដែលឥឡូវនេះ គ្រែ ICU បានឈានចូលដល់កម្រិតផ្ទុក ២០% រួចទៅហើយ៕

អត្ថបទ៖ លីដា
ប្រភព៖ RT

Share This Post: