លោក Rodrigo Duterte បានប្ដូរចិត្តមិនទាន់ចូលនិវត្តន៍វិញ ហើយលោកនឹងឈរឈ្មោះជាសមាជិកព្រឹទ្ធសភានៅឆ្នាំក្រោយនេះ
- BY
- autoadmin
- November 16, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា ប្រធានាធិបតីហ្វីលីពីនគឺលោក Rodrigo Duterte បានប្ដូរចិត្តមិនទាន់ចូលនិវត្តន៍ពីនយោបាយនោះទេ ហើយបានដាក់ពាក្យធ្វើជាបេក្ខភាពសមាជិកព្រឹទ្ធសភា សម្រាប់ការបោះឆ្នោតនៅឆ្នាំក្រោយនេះ។ ការដាក់ពាក្យរបស់លោក Duterte ត្រូវបានដាក់នៅថ្ងៃច័ន្ទម្សិលមិញនេះ ពោលគឺមុនកាលបរិច្ឆេទផុតកំណត់ប៉ុន្មានម៉ោងប៉ុណ្ណោះ។ ជម្រាបផងដែរថា តាមច្បាប់របស់ប្រទេសហ្វីលីពីន គឺលោក Duterte មិនអាចមានសិទ្ធធ្វើជាប្រធានាធិបតីម្ដងទៀតទេ ដូច្នេះហើយទើបលោកត្រូវរកតួនាទីផ្សេងក្រៅពីការឈរឈ្មោះជាប្រធានាធិបតី។

ការផ្លាស់ប្តូរចិត្តរបស់លោក Duterte គឺផ្ទុយស្រឡះពីការប្រកាសរបស់លោកកាលពីខែមុន ដែលថា លោកនឹងចូលនិវត្តន៍ពីនយោបាយ នៅពេលដែលអាណត្តិបច្ចុប្បន្នត្រូវបានបញ្ចប់។ វាក៏ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងរបស់លោក Duterte ដើម្បីរក្សាឥទ្ធិពលនយោបាយ បើទោះបីជាបន្ទាប់ពីការចុះចេញពីតំណែងជាប្រធានាធិបតីក៏ដោយ។ ជាមួយគ្នានេះដែរ កូនស្រីច្បងរបស់លោក Duterte គឺលោកស្រី Sara Duterte-Carpio ក៏កំពុងឈរឈ្មោះជាអនុប្រធានាធិបតីផងដែរ ហើយអ្នកទាំង ២ កំពុងទទួលសំឡេងខ្ពស់ ហើយត្រូវបានចាត់ទុកថា ជាអ្នកនាំមុខសម្រាប់តំណែងដែលពួកគេបានដាក់ពាក្យ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






