អន្តរជាតិ

ជំងឺគ្រុនផ្តាសាយបក្សីកំពុងវាយប្រហារយ៉ាងឆាប់រហ័សនៅទ្វីបអឺរ៉ុប និងអាស៊ី ដែលបង្កើនការព្រួយបារម្ភថ្មីៗ ចំពោះលទ្ធភាពដែលជំងឺនេះអាចឆ្លងមកមនុស្សបាន

BY
autoadmin
November 16, 2021

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយបក្សី មិនថាមកពីទ្វីបអឺរ៉ុប និងអាស៊ី គឺកំពុងត្រូវបានរាយការណ៍ទៅកាន់អង្គការសុខភាពសត្វពិភពលោក (OIE) ហើយវាក៏ជាសញ្ញាបញ្ជាក់ប្រាប់ថា មេរោគនេះកំពុងរីករាលដាលយ៉ាងឆាប់រហ័សសារជាថ្មីម្តងទៀត។ ការរីករាលដាលនៃជំងឺគ្រុនផ្តាសាយបក្សី (Avian influenza) បានធ្វើឱ្យឧស្សាហកម្មបសុបក្សីត្រូវបង្កើនការប្រុងប្រយ័ត្ន បន្ទាប់ពីការផ្ទុះឡើងកន្លងមក បាននាំឱ្យមានការសម្លាប់សត្វស្លាបរាប់សិបលានក្បាល។ ការផ្ទុះឡើងច្រើនលើកពេក ក៏នឹងនាំឱ្យមានផលរំខានដល់ទីផ្សារផងដែរ។

អ្វីដែលគួរឱ្យបារម្ភគឺថា ជំងឺនេះអាចឆ្លងមកមនុស្សបាន ដោយសារមានមនុស្ស​ចំនួន ២១នាក់ រួចមកហើយ ដែលបានឆ្លងជំងឺ​ផ្តាសាយ​បក្សី ប្រភេទ H5N6 នៅក្នុងប្រទេសចិន។ ចំណែកនៅឯប្រទេសកូរ៉េខាងត្បូង ការផ្ទុះឡើងនៃជំងឺផ្ដាសាយបក្សីនៅកសិដ្ឋានមួយ ក្នុងខេត្ត Chungcheongbuk-do បានបង្ខំឱ្យមានការសម្លាប់សត្វស្លាបរហូតដល់ ៧៧០,០០០ ក្បាល នេះបើតាមរបាយការណ៍របស់ OIE ។ ប្រទេសជប៉ុនក៏បានរាយការណ៍ពីការផ្ទុះឡើងនៃជំងឺផ្ដាសាយបក្សី H5N8 នាពេលថ្មីៗនេះ ដែលជាការផ្ទុះឡើងជាលើកដំបូងបំផុតក្នុងឆ្នាំនេះ។

នៅទ្វីបអឺរ៉ុប ប្រទេសន័រវេសបានរាយការណ៍ពីការផ្ទុះជំងឺផ្តាសាយបក្សី H5N1 នៅក្នុងតំបន់ Rogaland ក្នុងហ្វូងសត្វបក្សីចំនួន ៧,០០០ ក្បាល។ បែលហ្ស៊ិកក៏បានដាក់ប្រទេសក្នុងភាពវឹកវរដោយសារជំងឺផ្ដាសាយបក្សី ដោយបញ្ជាឱ្យម្ចាស់កសិដ្ឋានត្រូវរក្សាសត្វបក្សីក្នុងទ្រង់ បន្ទាប់ពីជំងឺគ្រុនផ្តាសាយបក្សីប្រភេទផ្សេងគ្នា ត្រូវបានរកឃើញលើសត្វក្ងានព្រៃនៅជិតទីក្រុង Antwerp ។ ចំណែក​ប្រទេស​បារាំង​ និង​ប្រទេស​ហូឡង់ ក៏សុទ្ធតែបានរាយការណ៍ពីបញ្ហាស្រដៀងគ្នានេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: