អន្តរជាតិ

ប្រទេសថៃគ្រោងនឹងបើក​ទ្វារកន្លែងកម្សាន្ត ហាងស្រា និងខារ៉ាអូខេឡើងវិញ​ ចាប់ពីដើមឆ្នាំក្រោយនេះតទៅ

BY
autoadmin
November 17, 2021

អ្នកនាំពាក្យរងរបស់រដ្ឋាភិបាលថៃគឺអ្នកស្រី Ratchada Thanadirek បានរាយការណ៍ថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារបានបញ្ជាក់ថា គណៈរដ្ឋមន្ត្រី​បានអនុម័តកាលបរិច្ឆេទបើកដំណើរការឡើងវិញ សម្រាប់កន្លែងកម្សាន្ត ហាងស្រា បារ និងខារ៉ាអូខេ នៅទូទាំងប្រទេសថៃចាប់ពីថ្ងៃទី១៦ ខែមករា ដើមឆ្នាំក្រោយនេះ។ រដ្ឋាភិបាលធ្លាប់បានប្រកាសតាំងពីមុនមកហើយថា ខ្លួននឹងបើកដំណើរការកន្លែងកម្សាន្តឡើងវិញ ដោយផ្អែកលើស្ថានភាពជំងឺ COVID-19 ជាមួយនឹងពេលវេលាកំណត់ពីថ្ងៃទី០១ ខែធ្នូ ដល់ខែមករា ឆ្នាំក្រោយ។ ដូច្នេះហើយ បន្ទាប់ពីពិភាក្សាជាមួយក្រសួងសុខាភិបាលសាធារណៈ និងមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺរាតត្បាត (CCSA) គណៈរដ្ឋមន្ត្រីបានយល់ព្រមថា កាលបរិច្ឆេទបើកដំណើរការឡើងវិញដ៏សមស្រប គួរតែជាថ្ងៃទី១៦ ខែមករា ។

រំលឹកដែរថា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា បាននិយាយក្នុងអំឡុងការផ្សាយតាមទូរទស្សន៍ជាតិមួយថា ចាប់ពីថ្ងៃទី០១ ខែធ្នូ រដ្ឋាភិបាលនឹងពិចារណាអនុញ្ញាតឱ្យមានការបម្រើភេសជ្ជៈមានជាតិអាល់កុល នៅក្នុងភោជនីយដ្ឋាន ក៏ដូចជាការអនុញ្ញាតឱ្យបើកកន្លែងកម្សាន្តក្រោមវិធានការគ្រប់គ្រងជំងឺសមស្រប។ លោកបាននិយាយថា៖«ខ្ញុំបានដឹងថាការសម្រេចចិត្តនេះគឺមានគ្រោះថ្នាក់ ព្រោះវាច្បាស់ណាស់ទៅហើយថា ចំនួននៃការឆ្លងថ្មីនឹងកើនឡើង បន្ទាប់ពីវិធានការគ្រប់គ្រងជំងឺត្រូវបានបន្ធូរបន្ថយ»។ លោកបានបន្ដថា រដ្ឋាភិបាល​នឹង​តាម​ដាន​ស្ថានការណ៍​យ៉ាង​ដិត​ដល់ ដោយមិនត្រូវឱ្យបាត់បង់​ឱកាស​មាស​នេះ ដើម្បីលើក​កម្ពស់​សេដ្ឋកិច្ច​ ដែលជាប់គាំងរយៈពេល ២ ​ឆ្នាំ​ ជាប់​គ្នា​មកនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: