ប្រទេសរុស្ស៊ីបានបញ្ចេញទឹកអប់មួយប្រភេទ ដែលមានក្លិនដូចយន្តហោះចម្បាំង Checkmate ស៊េរីថ្មីរបស់ខ្លួន
- BY
- autoadmin
- November 18, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT បានរាយការណ៍ថា ក្រុមហ៊ុនផលិតទឹកអប់រុស្ស៊ីបានបញ្ចេញទឹកអប់មួយប្រភេទ សម្រាប់ជាកិត្តិយសដល់យន្តហោះចម្បាំង Checkmate ជំនាន់ទី៥ ដ៏ទំនើបរបស់ខ្លួន នៅឯកម្មវិធី Dubai Airshow ឆ្នាំ២០២១។ យោងតាមក្រុមហ៊ុន Rostec ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ ដែលវិនិយោគលើវិស័យការពារជាតិ និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ បានឱ្យដឹងថា ទឹកអប់នេះត្រូវបានបង្កើតឡើងជាពិសេស សម្រាប់ការបង្ហាញជាអន្តរជាតិនៃយន្តហោះចម្បាំង Checkmate ហើយវាមានក្លិនដូចជាយន្តហោះចម្បាំងនេះផ្ទាល់ ដោយវាមានក្លិនកញ្ចក់ លោហៈ និងវត្ថុធាតុៗផ្សេងៗ ដែលមាននៅក្នុងយន្ដហោះចម្បាំងនោះ។

យោងតាម Rostec បានឱ្យដឹងថា៖«ក្លិនក្រអូបផ្សំរបស់ទឹកអប់ គឺមានការផ្សំគ្នាពីក្លិនកញ្ចក់ ស្បែកធម្មជាតិ និងលោហធាតុ ដែលប្រើក្នុងការសាងសង់តួយន្តហោះ ម៉ាស៊ីន និងកាប៊ីនយន្តហោះ»។ អ្នកផលិតទឹកអប់ក៏បាននិយាយថា ទឹកអប់នេះប្រើសំណាកដើមរបស់យន្តហោះ ជាមួយនឹងការរួមផ្សំគ្នានៃក្លិនរុក្ខជាតិ Juniper, patchouli និង oakmoss ។ សារធាតុសំខាន់ចំនួន ៥ ត្រូវបានយកមករួមបញ្ចូលគ្នាស្របតាមបច្ចេកទេសនៃទឹកអប់ ហើយសូម្បីតែសំបកដបទឹកអប់ ក៏ជាទម្រង់បែបជាគ្រាប់អុក (សេះ) ផងដែរ។
គួរឱ្យដឹងដែរថា Sukhoi Su-75 Checkmate គឺជាយន្តហោះចម្បាំងធុនស្រាល ម៉ាស៊ីនតែមួយ ជំនាន់ទី៥ ដែលត្រូវបានបង្ហាញជាលើកដំបូងនៅក្នុងកម្មវិធី MAKS-2021 ក្នុងខែកក្កដាឆ្នាំនេះ។ យន្តហោះនេះត្រូវបានរចនាឡើងដើម្បីបំបាំងកាយ និងអាចដំណើរការបានស្ទើរតែគ្រប់លក្ខខណ្ឌអាកាសធាតុ។ វាក៏អាចហោះហើរក្នុងល្បឿនរហូតដល់ ១.៨ នៃល្បឿនសំឡេង ឬ ២,២២២ គីឡូម៉ែត្រ/ម៉ោង ផងដែរ។ យន្តហោះចម្បាំង Checkmate ក៏មានសមត្ថភាពហោះឡើងបែប short takeoff ដែលមានន័យថា វាមិនត្រូវការផ្លូវរត់វែងនោះទេ ហើយវាអាចបំពាក់អាវុធបានច្រើនប្រភេទ៕

អត្ថបទ៖ លីដា
ប្រភព៖ RT
- Share This Post:






