អន្តរជាតិ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានទទួលវ៉ាក់សាំងដូសជំរុញ Sputnik Light

BY
autoadmin
November 22, 2021

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលាតត្រដាងថា លោកបានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសជំរុញរបស់វ៉ាក់សាំង Sputnik V ដែលត្រូវបានគេស្គាល់ឈ្មោះថាជា «Sputnik Light»។ លោក​បាន​បន្ថែម​ថា លោក​សុខ​ចិត្ត​ចូល​រួម​ក្នុង​ការ​សាកល្បង​ សម្រាប់​វិធីសាស្ត្រ​ថ្មី​ៗក្នុង​ការ​ផ្តល់​រូបមន្តរបស់វ៉ាក់សាំង ហើយបានប្រាប់ថា លោកមិនមានផលប៉ះពាល់អ្វីទេ បន្ទាប់ពីការចាក់វ៉ាក់សាំងលើកទី៣ នេះ។ គួររំលឹកដែរថា លោកប្រធានាធិបតីបានទទួលវ៉ាក់សាំងដូសទី២ តាំងតែពីខែមេសាឆ្នាំនេះមកម្ល៉េះ។

ការលាតត្រដាងនេះបានកើតឡើងនៅពេលដែលលោកប្រធានាធិបតី បានជួបជាមួយនាយករងនៃក្រុមហ៊ុនអភិវឌ្ឍន៍វ៉ាក់សាំង Sputnik របស់មជ្ឈមណ្ឌលស្រាវជ្រាវជាតិ Gamaleya នៃទីក្រុងម៉ូស្គូ គឺលោក Denis Logunov ។ លោក ពូទីន ដែលពីមុនធ្លាប់បានពណ៌នាអំពីវ៉ាក់សាំងផលិតនៅរុស្ស៊ីថា «អាចទុកចិត្តបានដូច AK-47» បានប្រាប់ទៅលោក Denis Logunov ថា គាត់កំពុងធ្វើតាមការណែនាំរបស់មន្ត្រីសុខាភិបាលចំពោះការចាក់ដូសជំរុញនេះ។

លោកបានបន្ថែមថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលយកការសាកល្បងវ៉ាក់សាំងប្រភេទថ្មី ប៉ុន្តែមិនទាន់បង្ហើបព័ត៌មានជាក់លាក់នៅឡើយ។ វ៉ាក់សាំងប្រភេទថ្មីនោះអាចជា ប្រភេទបាញ់តាមច្រមុះ ហើយកំពុងស្ថិតក្នុងការអភិវឌ្ឍបន្ថែមពីអ្នកស្រាវជ្រាវ៕

អត្ថបទ៖ លីដា
ប្រភព៖ RT

Share This Post: