អន្តរជាតិ

រថយន្តមួយគ្រឿងបានធ្វើឱ្យធ្លាក់លុយរាយប៉ាយពាសពេញផ្លូវហាយវេមួយនៅសហរដ្ឋអាមេរិក ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍ ដោយសារតែមនុស្សនាំគ្នាចុះពីយានជំនិះដើម្បីប្រមូលលុយទាំងនោះ

BY
autoadmin
November 22, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NBC News បានរាយការណ៍ថា រថយន្តដឹកទំនិញធុនធំមួយគ្រឿង បានធ្វើឱ្យធ្លាក់លុយជាច្រើននៅលើផ្លូវហាយវេមួយ ក្នុងទីក្រុង Carlsbad រដ្ឋកាលីហ្វ័រញ៉ា ដែលបណ្តាលឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ខណៈដែលអ្នកបើកបរជាច្រើនបានឈប់ចត ដើម្បីរើសសាច់ប្រាក់សុទ្ធទាំងនោះ។ ប៉ុន្តែយ៉ាងណាក៏ដោយអាជ្ញាធរបាននិយាយថា ពួកគេត្រូវប្រគល់ប្រាក់ទាំងនោះមកវិញ បើមិនដូច្នោះទេ ពួកគេនឹងប្រឈមមុខជាមួយបទចោទប្រកាន់ព្រហ្មទណ្ឌជាមិនខាន។

ទីភ្នាក់ងាររដ្ឋ California Highway Patrol បានទទួលការខលទៅ ៩១១ នៅប្រហែលម៉ោង ៩:១៥ ព្រឹកថ្ងៃសុក្រ (ម៉ោងនៅអាមេរិក) អំពីសាច់ប្រាក់ដែលរាយប៉ាយពាសពេញផ្នែកនៃ Interstate 5 ជិតផ្លូវ Cannon Road ។ ឥឡូវនេះទាំង CHP និង FBI កំពុងស៊ើបអង្កេតលើករណីនេះ ដោយសារថា មានមនុស្ស ឬអ្នកបើកបរច្រើនណាស់ ដែលបានចុះមកប្រមូលលុយទាំងនោះ។ មានអ្នកខ្លះក៏បានប្រគល់លុយមួយចំនួនត្រឡប់មកវិញ ហើយអាជ្ញាធរក៏បានអរគុណចំពោះកិច្ចសហការណ៍របស់ពលរដ្ឋទាំងនោះ។

អាជ្ញាធរបាននិយាយថា វីដេអូ និងរូបថត ដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានកត់ត្រាមុខមនុស្ស និងស្លាកលេខរថយន្ត របស់អ្នកដែលបានចុះមកប្រមូលលុយទាំងនោះ។ ភ្នាក់ងារ​បាន​បញ្ចេញ​រូបថត​ជា​ច្រើន​សន្លឹក ​ដែល​បង្ហាញ​ពី​មនុស្ស​កំពុង​ប្រមូល​លុយ​ និងមានកាន់លុយក្នុងដៃជាដើម។ អាជ្ញាធរក៏បានបង្ហាញរូបថតមួយចំនួនទៀត របស់ Influencer ផ្នែកកាយសម្បទាឈ្មោះថា Demi Bagby ដែលរូបនាងក៏ស្ថិតនៅកន្លែងកើតហេតុផងដែរ។ យ៉ាងណាក៏ដោយ Demi Bagby មិនបានផ្ដល់ការឆ្លើយតបភ្លាមៗចំពោះករណីនេះទេ៕

 

View this post on Instagram

 

A post shared by DEMI BAGBY (@demibagby)

អត្ថបទ៖ លីដា
ប្រភព៖ NBC News

Share This Post: