អន្តរជាតិ

រដ្ឋាភិបាលរបស់ប្រទេសអ៊ីតាលី សម្រេចរារាំងអ្នកដែលមិនបានចាក់ថ្នាំបង្ការជំងឺកូវីដ១៩ ពីការចូលភោជនីយដ្ឋាន រោងកុន និងព្រឹត្តិការណ៍កីឡា

BY
autoadmin
November 25, 2021

រដ្ឋាភិបាលរបស់ប្រទេសអ៊ីតាលីបានសម្រេចចិត្តរារាំងអ្នកដែលមិនបានចាក់ថ្នាំបង្ការ ពីកន្លែងកម្សាន្តមួយចំនួន នៅក្នុងកិច្ចខិតខំប្រឹងប្រែងថ្មីមួយដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ​ COVID-19 ។ រដ្ឋាភិបាលបានសម្រេចកាលពីថ្ងៃពុធថា ចាប់ពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ មនុស្សទាំងអស់ដែលទៅភោជនីយដ្ឋាន រោងកុន និងព្រឹត្តិការណ៍កីឡា ត្រូវតែមានភស្តុតាងនៃការចាក់ថ្នាំបង្ការ ឬបានជាសះស្បើយពីការឆ្លងជំងឺ។ សព្វថ្ងៃនេះ បុគ្គលដែលមិនបានចាក់វ៉ាក់សាំង អាចចូលទៅក្នុងកន្លែងទាំងនេះបាន ដោយប្រើភស្តុតាងនៃការធ្វើតេស្តអវិជ្ជមាន។

រដ្ឋាភិបាលក៏បានសម្រេចចិត្តបន្តការចាក់វ៉ាក់សាំងជាកាតព្វកិច្ចដល់មន្ត្រីនគរបាល និងទាហាន បន្ថែមលើបុគ្គលិកថែទាំសុខភាព និងគ្រូបង្រៀន។ ការចាក់វ៉ាក់សាំង Booster ឬដូសទី៣ ដែលបច្ចុប្បន្នមានសម្រាប់មនុស្សដែលមានអាយុលើសពី ៤០ឆ្នាំ នឹងត្រូវបានផ្តល់ជូនដល់អ្នកដែលមានអាយុលើសពី ១៨ឆ្នាំ ចាប់ពីខែក្រោយ។ ការចាក់ដូសទី៣ នឹងជាកាតព្វកិច្ចសម្រាប់បុគ្គលិកថែទាំសុខភាពទាំងអស់។ គួរឱ្យដឹងដែរថា ប្រទេសអ៊ីតាលីមានអត្រាចាក់វ៉ាក់សាំងខ្ពស់បំផុតមួយនៅអឺរ៉ុប ដែលមានជាង ៧២% នៃចំនួនប្រជាជនទាំងអស់របស់ខ្លួន បានទទួលការចាក់វ៉ាក់សាំងចំនួន ២ដូស៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: