ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឧបទ្ទវហេតុនៅក្នុងអណ្តូងរ៉ែធ្យូងថ្មមួយនៅប្រទេសរុស្ស៊ី បានឆក់យកជីវិតកម្មករយ៉ាងហោចណាស់ ៥២នាក់

    BY autoadmin November 26, 2021
    ឧបទ្ទវហេតុនៅក្នុងអណ្តូងរ៉ែធ្យូងថ្មមួយនៅប្រទេសរុស្ស៊ី បានឆក់យកជីវិតកម្មករយ៉ាងហោចណាស់ ៥២នាក់

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ឧបទ្ទវហេតុនៅក្នុងអណ្តូងរ៉ែធ្យូងថ្មមួយ នៅឯទីក្រុង Kemerovo តំបន់ Siberian របស់ប្រទេសរុស្ស៊ី បានបណ្ដាលឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ ៥២ នាក់។ ឧបទ្ទវហេតុនេះបានចាប់ផ្តើមនៅពេលដែលកម្ទេចធ្យូងថ្មនៅក្នុងរន្ធខ្យល់ បានឆេះកាលពីថ្ងៃព្រហស្បតិ៍ ដែលធ្វើឱ្យអណ្តូងរ៉ែពេញដោយផ្សែង ហើយដំបូងឡើយវាបានសម្លាប់មនុស្សអស់ ១១ នាក់។

    អាជ្ញាធរមូលដ្ឋានបាននិយាយថា មានកម្មករទាំងអស់ ២៨៥ នាក់ នៅក្នុងអណ្តូងរ៉ែនៅពេលនោះ ហើយមានកម្មករជាង ២០០ នាក់ បានរត់គេចខ្លួន។ ជាមួយគ្នានេះដែរ មានបុគ្គលិកជួយសង្គ្រោះចំនួន ៦នាក់ ក៏បានស្ថិតក្នុងចំណោមជនរងគ្រោះផងដែរ។ មានមនុស្សប្រហែល ៤០នាក់ បានជាប់នៅក្នុងអណ្តូងរ៉ែ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកបាននិយាយថា គ្មានឱកាសក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិតនោះទេ។

    គួរឱ្យដឹងដែរថា Kemerovo ស្ថិតនៅចម្ងាយប្រហែល ៣,៥០០ គីឡូម៉ែត្រ ពីភាគខាងកើតទីក្រុងម៉ូស្គូ ហើយតំបន់នោះត្រូវបានគេស្គាល់ជាទូទៅថាជាតំបន់ផលិតធ្យូងថ្ម ខណៈមានគ្រោះថ្នាក់​​ធ្ងន់ធ្ងរជាច្រើន បាន​កើតឡើង​នៅ​ទីនោះ​នាពេល​កន្លងមក​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​និយាយ​ថា គណៈកម្មាធិការ​ស៊ើបអង្កេត​ក៏បាន​បើក​សំណុំរឿង​ព្រហ្មទណ្ឌមួយ​ ដោយ​ចោទប្រកាន់​ពីបទ​បំពាន​បទប្បញ្ញត្តិ​សុវត្ថិភាព។ ចំណែកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យរដ្ឋាភិបាលផ្តល់ជំនួយចាំបាច់ទាំងអស់ដល់អ្នកដែលរងរបួស៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: