អន្តរជាតិ

WHO នៅមិនទាន់ប្រាកដថា មេរោគកូវីដ១៩បំប្លែងខ្លួនថ្មី Omicron អាចឆ្លងឆាប់រហ័សជាងវ៉ារ្យ៉ង់ផ្សេងទៀតនោះទេ

BY
autoadmin
November 29, 2021

អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បាននិយាយថា ខ្លួនមិនទាន់ច្បាស់ថា តើវ៉ារ្យ៉ង់ថ្មី Omicron ឆ្លងលឿនជាងគេ បើប្រៀបធៀបទៅនឹងវ៉ារ្យ៉ង់នៃជំងឺ​ COVID-19 ផ្សេងទៀត ឬថា វាអាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរជាងនេះទេ។ WHO បាននិយាយថា៖ «ទិន្នន័យបឋមបង្ហាញថា មានការកើនឡើងអត្រានៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅអាហ្វ្រិកខាងត្បូង ប៉ុន្តែនេះអាចបណ្តាលមកពីការកើនឡើងនៃចំនួនមនុស្សឆ្លងមេរោគ ជាជាងលទ្ធផលនៃការឆ្លងមេរោគជាក់លាក់ជាមួយទាក់ទងនឹង Omicron»។

WHO បាននិយាយថា ខ្លួនកំពុងធ្វើការជាមួយអ្នកជំនាញបច្ចេកទេស ដើម្បីស្វែងយល់ពីផលប៉ះពាល់នៃវ៉ារ្យ៉ង់ លើវិធានការទប់ទល់ដែលមានស្រាប់ប្រឆាំងនឹងជំងឺ COVID-19 រួមទាំងវ៉ាក់សាំងផងដែរ។ អង្គការសុខភាពពិភពលោកបាននិយាយថា៖«បច្ចុប្បន្នមិនមានព័ត៌មានណាមួយដែលបង្ហាញថា រោគសញ្ញាដែលទាក់ទងនឹង Omicron មានភាពខុសប្លែកគ្នាពីវ៉ារ្យ៉ង់ផ្សេងទៀតទេ»។ ខ្លួនបានបន្ថែមថា៖«ការឆ្លងដែលត្រូវបានរាយការណ៍ដំបូង គឺស្ថិតក្នុងចំណោមសិស្សសាកលវិទ្យាល័យ – បុគ្គលវ័យក្មេងដែលមានទំនោរឆ្លងជំងឺស្រាល – ប៉ុន្តែការយល់ដឹងពីកម្រិតនៃភាពធ្ងន់ធ្ងរនៃវ៉ារ្យ៉ង់ Omicron នឹងចំណាយពេលរាប់ថ្ងៃទៅជាច្រើនសប្តាហ៍»៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: