អូស្ត្រាលីបានសង្ស័យថា ខ្លួនបានរកឃើញករណីទី៣ នៃមេរោគកូវីដ១៩ បំប្លែងថ្មី Omicron ពីអ្នកដំណើរដែលទើបមកដល់ទីក្រុងស៊ីដនី
- BY
- autoadmin
- November 29, 2021
អាជ្ញាធរនៃប្រទេសអូស្ត្រាលីជឿថា ប្រទេសរបស់ខ្លួនបានរកឃើញករណីមេរោគកូវីដ-១៩ វ៉ារ្យ៉ង់ Omicron ទី៣ ដែលបានចុះចតនៅទីក្រុងស៊ីដនី។ នាយករដ្ឋមន្ត្រីរដ្ឋ New South Wales គឺលោក Dominic Perrottet បាននិយាយថា ករណីសង្ស័យថ្មីនេះស្ថិតក្នុងចំណោមអ្នកដំណើរចំនួន ១៤១នាក់ ដែលទើបហោះចូលដល់ទីក្រុងស៊ីដនី ចេញពីប្រទេស ១ នៅក្នុងចំណោមប្រទេសទាំង ៩ នៅតំបន់អាហ្វ្រិកខាងត្បូង ដែលកំពុងមានវត្តមានរបស់មេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីនេះ។ ឥឡូវនេះអ្នកធ្វើដំណើរមកពីក្រៅប្រទេសទាំងអស់ ដែលមកដល់រដ្ឋ NSW, Victoria និងតំបន់ ACT នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ៧២ ម៉ោង។

យ៉ាងណាក៏ដោយ វេជ្ជបណ្ឌិតកំពូលមួយរូប និងនាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលីគឺលោក Scott Morrison បានទទូចថា មិនមានហេតុផលណាមួយ សម្រាប់ការភ័យស្លន់ស្លោចំពោះមេរោគប្រភេទថ្មី ដែលត្រូវបានគេគិតថា អាចឆ្លងច្រើនជាងវ៉ារ្យ៉ង់ Delta នេះទេ។ ការសិក្សាដំបូងបានរកឃើញថា ទោះបីជា Omicron រីករាលដាល និងឆ្លងកាន់តែឆាប់រហ័សក៏ដោយ ឥទ្ធិពលរបស់វាអាចស្រាលនៅលើអ្នកជំងឺដែលទទួលបានថ្នាំបង្ការត្រឹមត្រូវ។ វាក៏មិនមានភស្តុតាងណាមួយដែលថា វ៉ាក់សាំងបច្ចុប្បន្នមិនមានប្រសិទ្ធភាពប្រឆាំងនឹង Omicron នោះដែរ។ លោកបាននិយាយថា ពេលនេះវាមិនដូចជាកាលពីពាក់កណ្ដាលឆ្នាំ២០២០ នោះទេ ព្រោះថា ពលរដ្ឋអូស្ត្រាលី ៨៦.៧% បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 រួចរាលហើយ៕


អត្ថបទ៖ លីដា
ប្រភព៖ Daily Mail
- Share This Post:






