ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសជនជាតិឥណ្ឌាម្នាក់បានចំណាយប្រាក់ ២៦០,០០០​ ដុល្លារអាមេរិក ដើម្បីសាងសង់ផ្ទះឱ្យដូចនឹងវិមាន Taj Mahal សម្រាប់ជាអំណោយដល់ភរិយា

    BY autoadmin November 29, 2021
    បុរសជនជាតិឥណ្ឌាម្នាក់បានចំណាយប្រាក់ ២៦០,០០០​ ដុល្លារអាមេរិក ដើម្បីសាងសង់ផ្ទះឱ្យដូចនឹងវិមាន Taj Mahal សម្រាប់ជាអំណោយដល់ភរិយា

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា បុរសជនជាតិឥណ្ឌាម្នាក់បានសាងសង់ផ្ទះ យកគំរូតាមវិមាន Taj Mahal ដែលជាវិមានចេតិយដ៏ល្បីល្បាញបំផុតរបស់ពិភពលោក។ បុរសម្នាក់នោះមានឈ្មោះថា Anand Prakash Chouksey មានអាយុ ៥២ឆ្នាំ គឺជាអ្នកជំនួញមានស្ដុកស្ដម្ភម្នាក់ បានសាងសង់ «វិមាននៃសេចក្តីស្រឡាញ់» របស់គាត់នៅក្នុងទីក្រុង Burhanpur ក្នុងរដ្ឋ Madhya Pradesh ដើម្បីជា​អំណោយ​សម្រាប់​ភរិយា​ ប៉ុន្តែ​ក៏​សម្រាប់​ទីក្រុង និង​ប្រជាជនទាំងអស់​ផងដែរ​។ ផ្ទះ​នេះបាន​ចំណាយ​ប្រាក់​ប្រហែល ២០ លាន​រូពី (២៦០,០០០​ ដុល្លារអាមេរិក) ដើម្បី​សាងសង់ឡើង។

    ជម្រាបដែរថា Taj Mahal គឺជា​កន្លែង​គោរព​បូជា​ ដែលបានសាងសង់នៅ​សតវត្សរ៍​ទី១៧ ក្នុង​ទីក្រុង Agra របស់ប្រទេសឥណ្ឌា។ វាត្រូវបានសាងសង់ឡើងដោយអធិរាជ Mughal Shah Jahan ក្នុងការចងចាំដល់ម្ចាស់ក្សត្រី Mumtaz ដែលទ្រង់បានសោយទិវង្គតនៅពេលផ្តល់កំណើតដល់បុត្រទី១៤ របស់ពួកគេ។ Taj Mahal គឺជាវិមានថ្មម៉ាបដ៏គួរឱ្យចាប់ភ្ញាក់ផ្អើល និងល្បីល្បាញលើការងារបន្ទះឈើដ៏ស្មុគស្មាញរបស់វា ហើយក៏ជាកន្លែងទាក់ទាញទេសចរណ៍ដ៏ធំបំផុតមួយរបស់ប្រទេសឥណ្ឌា។ មុនពេលជំងឺរាតត្បាត COVID-19 បានរំខានដល់ប្រទេសឥណ្ឌា វិមាននេះបានទាក់ទាញមនុស្សរហូតដល់ ៧០,០០០ នាក់ ជារៀងរាល់ថ្ងៃ។

    ផ្ទះចម្លងរបស់លោក Chouksey បាននិងកំពុងទាក់ទាញអ្នកទស្សនាជាបន្តបន្ទាប់ ដោយមានមនុស្ស​មកទស្សនា ហើយថត​យក​រូបភាពផ្ទះរបស់គាត់។ លោក Chouksey បាន​បន្ថែម​ថា៖ «មនុស្ស​ជា​ច្រើន​ក៏​បាន​ចាប់​ផ្តើម​ថត​ Pre-Wedding នៅ​ទី​នេះ​ដែរ។ ខ្ញុំ​មិន​បញ្ឈប់​ពួកគេ​ទេ ព្រោះ​នៅ​ទីក្រុង​យើង ​ជា​សហគមន៍​ជិតស្និទ្ធ​ដែល​អ្នក​រាល់​គ្នា​ស្គាល់​។ ដូច្នេះ​ផ្ទះ​ខ្ញុំ​បើក​សម្រាប់​ទាំង​អស់​គ្នា»។ លោកបានបញ្ជាក់ថា បើទោះបីជាលោកមិនហាមឃាត់ការចូលមើលរបស់ពលរដ្ឋក៏ដោយ ប៉ុន្តែមិនមែនមនុស្សរាល់គ្នាសុទ្ធតែអាចចូលដោយសេរីទេ ព្រោះថាវាគឺជាផ្ទះដែលពួកគេរស់នៅ។

    លោក Chouksey មិនមែនជាមនុស្សទីមួយដែលចម្លងស្នាដៃពីវិមាន Taj Mahal នោះទេ ដោយជាក់ស្ដែងក្នុងឆ្នាំ២០១៣ មានមន្ត្រីរដ្ឋាភិបាលចូលនិវត្តន៍ម្នាក់នៅរដ្ឋ Uttar Pradesh ក៏បានសាងសង់រូបចម្លងនៃ Taj Mahal ជាការចងចាំដល់ភរិយារបស់គាត់ផងដែរ។ ប៉ុន្តែ​លោក Chouksey និយាយ​ថា ផ្ទះ​របស់​លោក​មិន​មែន​ឧទ្ទិស​ជូន​ភរិយា​លោក​តែ​ម្នាក់​នោះ​ទេ។ លោក​បាន​ថ្លែង​ថា​៖ «​សព្វ​ថ្ងៃ​នេះ​មាន​ការ​ស្អប់​ច្រើន​នៅ​ក្នុង​ប្រទេស មនុស្ស​បានបែងចែកគ្នាក្នុងតាមរយៈ​សាសនា ​និង​វណ្ណៈ។ លោកថា៖«ផ្ទះនេះសម្រាប់ខ្ញុំគឺជានិមិត្តរូបនៃសេចក្តីស្រឡាញ់ ដែលជាផ្ទះដែលហួសពីភាពខុសគ្នាក្នុងសង្គមរបស់យើង និងសំឡេងនយោបាយ»៕

    វិមាន Taj Mahal ពិតប្រាកដ

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: