អន្តរជាតិ

ក្រុមហ៊ុន Tesla បានបញ្ចេញលក់កញ្ចែផ្លុំ Cyberwhistle នៅក្នុងតម្លៃ ៥០ ដុល្លារអាមេរិក

BY
autoadmin
December 2, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Engadget បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Tesla បានបញ្ចេញកញ្ចែមួយឈ្មោះថា «Cyberwhistle» ដែលត្រូវបានបំផុសគំនិតដោយរថយន្ត Cybertruck របស់ខ្លួន នៅក្នុងតម្លៃ ៥០ ដុល្លារអាមេរិក។ Cyberwhistle គឺជាប្រភេទកញ្ចែមានកំណត់ «Limited-edition» ដែលផលិតពីដែកអ៉ីណុកកម្រិតវេជ្ជសាស្ត្រ និងមានការលាបពណ៌ទឹកប្រាក់ពីលើបន្ថែម។ Tesla ក៏បានទទួលការកក់ច្រើនជាង ១ លាន ផងដែរ ប៉ុន្តែវាត្រូវពន្យារពេលរហូតដល់ឆ្នាំ២០២២ ឯណោះ។

ដោយធ្លាប់បានមើលឃើញពីការលក់ក្រណាត់ក្នុងតម្លៃ ១៩ ដុល្លារអាមេរិក ដែលក្រុមហ៊ុន Apple ទើបតែបានប្រកាសលក់កន្លងទៅថ្មីៗនោះ នាយកប្រតិបត្តិ Tesla លោក Elon Musk ក៏បាននិយាយចំអកទៅឱ្យក្រុមហ៊ុន Apple ផងដែរថា៖«កុំចោលលុយឥតប្រយោជន៍ជាមួយ Apple Cloth, ទិញកញ្ចែរបស់ពួកយើងគឺល្អជាង»។ ក្រុមហ៊ុន Tesla ក៏ទំនងនឹងលក់វាម្ដងទៀតនៅពេលណាមួយផងដែរ ខណៈដែលឥឡូវនេះ Cyberwhistle បានលក់អស់ពីស្ដុកទៅហើយ។ ដូច្នេះអ្នកដែលចង់ទិញកញ្ចែ Cyberwhistle មួយនេះ អាចព្យាយាមទិញម្ដងទៀតនៅពេលក្រោយបាន៕

អត្ថបទ៖ លីដា
ប្រភព៖ Engadget

Share This Post: