ហាងទំនិញ Seven-Eleven និងក្រុមហ៊ុនអាកាសចរណ៍ ANA របស់ប្រទេសជប៉ុន បានចាប់ដៃគ្នាសាកល្បងសេវាកម្មដឹកជញ្ជូនដោយប្រើប្រាស់ដ្រូន
- BY
- autoadmin
- December 3, 2021
ហាងទំនិញដ៏ល្បី Seven-Eleven និងក្រុមហ៊ុនអាកាសចរណ៍ ANA របស់ប្រទេសជប៉ុន បានសហការគ្នាដើម្បីសាកល្បងសេវាកម្មដឹកជញ្ជូនដោយប្រើប្រាស់ដ្រូន នៅឯតំបន់ Hinode ដែលជាតំបន់ដែលមានប្រជាជនតិច នៅភាគខាងលិចទីក្រុងតូក្យូ។ ដ្រូននេះមានប្រវែងប្រហែល ២ម៉ែត្រ និងអាចដឹកទំនិញបានដល់ទៅ ៥ គីឡូក្រាម ហើយក្រុមហ៊ុនទាំង ២ បានចាប់ផ្ដើមសាកល្បងវាតាំងតែពីចុងខែវិច្ឆិកា។ ដ្រូននេះនឹងបម្រើដល់អតិថិជន ដែលធ្វើការបញ្ជាទិញតាមប្រព័ន្ធអនឡាញ ហើយបុគ្គលិករបស់ហាង 7-Eleven នឹងផ្ញើទំនិញទាំងនោះទៅតាមដ្រូន។

ដ្រូននឹងបើកហោះចេញពីចំណតរបស់ 7-Eleven ហើយអាចដឹកជញ្ជូនទំនិញទៅកាន់ទីកន្លែង ដែលបានកំណត់ចំនួន ៤ រួមទាំងសួនឧទ្យានដែលមានចំងាយ ២ គីឡូម៉ែត្រ ពីទីតាំងរបស់ហាង។ ហាងទំនិញ 7-Eleven មានគោលបំណងដាក់សេវាកម្មដឹកជញ្ជូនតាមដ្រូននៅក្នុងការប្រើប្រាស់ជាក់ស្តែង ដោយផ្តោតលើតំបន់ដែលមានប្រជាជនតិច។ ក្រុមហ៊ុនចង់ចាប់ផ្តើមសេវាកម្មនេះឱ្យបាននៅត្រឹមឆ្នាំ២០២៥ ដោយផ្តល់ការដឹកជញ្ជូនក្នុងរង្វង់ពេល ៣០ នាទី ដោយសារតែដ្រូនមិនអាចដឹកជញ្ជូនបានយូរ ឬឆ្ងាយ ដូចជាមធ្យោបាយផ្សេងទៀតនោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






