អន្តរជាតិ

គិលានុបដ្ឋាយិកាម្នាក់ប្រឈមនឹងការជាប់ទោស១៥ឆ្នាំ ដោយសារចេញកាតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ក្លែងក្លាយ ទៅឱ្យអ្នកស្គាល់គ្នា

BY
autoadmin
December 4, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា គិលានុបដ្ឋាយិកាម្នាក់នៅឯទីក្រុង Columbia រដ្ឋ South Carolina របស់សហរដ្ឋអាមេរិក ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំកាតវ៉ាក់សាំងបង្ការជំងឺ COVID-19 នេះបើយោងតាមការិយាល័យមេធាវីរបស់រដ្ឋ South Carolina ។គិលានុបដ្ឋាយិការូបនោះមានឈ្មោះថា Tammy McDonald អាយុ ៥៣ឆ្នាំ បានចេញកាតវ៉ាក់សាំងក្លែងក្លាយនៅថ្ងៃទី២០ ខែមិថុនា និងថ្ងៃទី២៨ ខែកក្កដា ទៅឱ្យអ្នកដែលមិនបានចាក់វ៉ាក់សាំងបង្ការ COVID-19 ទាល់តែសោះ ហើយមិនត្រឹមតែប៉ុណ្ណឹងទេ គាត់ក៏បានកុហកភ្នាក់ងារសហព័ន្ធ នៅពេលដែលគាត់ត្រូវបានគេសាកសួរអំពីបញ្ហានេះកាលពីខែតុលាផងដែរ។

នៅក្នុងដីកាចោទប្រកាន់បាននិយាយថា «គាត់បានផ្តល់ប័ណ្ណកត់ត្រាការចាក់វ៉ាក់សាំងជំងឺ COVID-19 ដោយ CDC ដល់បុគ្គលមួយចំនួន និងបានបំពេញព័ត៌មាន និងលេខផ្ទាល់ខ្លួនសម្រាប់បញ្ជាក់ពីការចាក់វ៉ាក់សាំង ទាំងដែលគាត់ដឹងថា ពួកគេមិនបានចាក់វ៉ាក់សាំងនោះទេ»។ ជនជាប់ចោទ Tammy McDonald ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទសរសេរ​ឯកសារ​​ក្លែង​ក្លាយ និង​មួយ​ករណី​ទៀត គឺនិយាយ​កុហក​អ្នក​ស៊ើប​អង្កេតរបស់​សហព័ន្ធ។

យ៉ាងណាក៏ដោយពេលនេះគាត់មិនបានជាប់ពិរុទ្ធនោះទេ ហើយត្រូវបង់ពិន័យចំនួន ១០,០០០ ដុល្លារអាមេរិក ដោយសារគាត់បានចេញកាតក្លែងក្លាយបាន ១ ឬ ២ដង ទៅឱ្យបងប្អូន ដែលជាអ្នកប្រឆាំងនឹងការចាក់វ៉ាក់សាំងប៉ុណ្ណោះ (anti- vaccination)។ ការពិតទៅ បើយោងតាមការិយាល័យមេធាវីសហរដ្ឋអាមេរិក ជនជាប់ចោទ Tammy McDonald អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ សម្រាប់ទោសនីមួយៗនៃការក្លែងបន្លំកាតវ៉ាក់សាំង COVID-19 និងជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ពីបទកុហកអ្នកស៊ើបអង្កេតរបស់សហព័ន្ធ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: