រដ្ឋបាលខេត្តដំបង ជូនដំណឹងបងប្អូនប្រជាពលរដ្ឋពីការហាមឃាត់ការកា-ប់ទន្ទ្រាន និងឈូសឆាយដីរដ្ឋព្រៃលិចទឹក នៅតំបន់៣ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ យោងតាមចុះផ្សាយរបស់ រដ្ឋបាលខេត្តដំបង នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់ការកាប់ទន្ទ្រាន និងឈូសឆាយដីរដ្ឋព្រៃលិចទឹក តំបន់៣ ស្ថិតក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។

រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានការពាក់ព័ន្ធក្នុងការកាប់ទន្រ្ទាន និងឈូសឆាយដីរដ្ឋព្រៃលិចទឹកតំបន់៣ ដើម្បីប្រើប្រាស់កាន់កាប់ និងអាស្រ័យផល ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ជ្រាបថា ដែនព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ត្រូវបានកំណត់ដោយ រាជរដ្ឋភិបាលកម្ពុជា ដើម្បីរក្សា និងបង្កើតជាតំបន់ពងកូន និងការលូតលាស់នៃមច្ឆជាតិ ព្រមទាំងជីវៈចម្រុះគ្រប់ប្រភេទ។ កន្លងមក រដ្ឋបាលខេត្តសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួន បានចូលទៅកាប់ឆ្ការ រុករាន និងឈូសឆាយតាមមធ្យោបាយ រូបភាពផ្សេងៗ នៅលើដីរដ្ឋនៃព្រៃលិចទឹកក្នុងតំបន់៣ ដែលជាកម្មវត្ថុត្រូវធ្វើការដកហូតយកមកជាទ្រព្យសម្បត្តិរដ្ឋវិញ និងហាមឃាត់ការរុករានទន្ទ្រាន អាស្រ័យផលបន្តទៀត ព្រោះជាតំបន់ហាមប៉ះពាល់ដាច់ខាត។
ហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការផ្ដល់ព័ត៌មានពិតប្រាកដជាក់លាក់ ចង្អុលបង្ហាញដែលខ្លួនបានកាប់ឆ្ការ រុករានទន្រ្ទាន កាន់កាប់អាស្រ័យផលលើដីរដ្ឋព្រៃលិចទឹកតំបន់៣ ជូនដល់ក្រុមការងារចុះធ្វើអត្តសញ្ញាណកម្មមនុស្ស និងអត្តញ្ញាណកម្មដី ឲ្យបានទាន់ពេលវេលា។ ករណីបុគ្គលណានៅតែបន្តល្មើសនឹងការហាមឃាត់នេះ និងមិនព្រមចូលសហការ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយមិនមានការលើកលែងឡើយ ៕


ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង