អន្តរជាតិ

រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក អនុញ្ញាតឱ្យប្រើថ្នាំអង្គបដិប្រាណ Evusheld របស់ក្រុមហ៊ុន AstraZeneca ដើម្បីការពារការឆ្លងជំងឺកូវីដ ចំពោះអ្នកមានប្រព័ន្ធការពារខ្សោយ

BY
autoadmin
December 9, 2021

សហរដ្ឋអាមេរិកកាលពីថ្ងៃពុធបាននិយាយថា ខ្លួនបានអនុញ្ញាតឱ្យមានការប្រើប្រាស់ថ្នាំអង្គបដិប្រាណរបស់ AstraZeneca ដើម្បីការពារការឆ្លងជំងឺ COVID-19 ចំពោះបុគ្គលដែលមានប្រព័ន្ធការពារខ្សោយ ឬមានប្រវត្តិរងផលប៉ះពាល់ខ្លាំងពីវ៉ាក់សាំងបង្ការ។ ជាធម្មតាវ៉ាក់សាំងពឹងផ្អែកលើប្រព័ន្ធការពារ ដើម្បីបង្កើតទៅជាអង្គបដិប្រាណ និងកោសិកាប្រឆាំងនឹងមេរោគ ប៉ុន្តែសម្រាប់ថ្នាំ Evusheld របស់ AstraZeneca គឺមានអង្គបដិប្រាណផលិតដោយមន្ទីរពិសោធន៍ ដែលនឹងធ្វើការនៅក្នុងរាងកាយរបស់អ្នកប្រើប្រាស់រាប់ខែ ដើម្បីទប់ស្កាត់មេរោគក្នុងករណីមានការឆ្លង។

លោកស្រី Patrizia Cavazzoni នាយកមជ្ឈមណ្ឌលវាយតម្លៃ និងស្រាវជ្រាវឱសថរបស់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បាននិយាយថា៖«វ៉ាក់សាំងបានបង្ហាញថា វាជាការការពារដ៏ល្អបំផុតដែលយើងមានប្រឆាំងនឹងជំងឺ COVID-19»។ ដូច្នេះហើយវាមានន័យថា ថ្នាំអង្គបដិប្រាណ Evusheld មិនមែនជាការជំនួសការចាក់វ៉ាក់សាំង ចំពោះបុគ្គលណាដែលការចាក់វ៉ាក់សាំងបង្ការមេរោគ COVID-19 ត្រូវបានណែនាំនោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: