សម្តេចតេជោ ហ៊ុន សែន ប្រសិទ្ធនាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ថា «អាកាសយានដ្ឋានអន្តរជាតិ តេជោក្រុងតាខ្មៅ»
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះសាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ជាគម្រោងដ៏ធំនៅក្នុងប្រទេសកម្ពុជាដែលបានវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដែលជាគម្រោងវិនិយោគរវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុននៃប្រទេសចិនផងដែរ។
នៅក្នុងឱកាសនោះផងដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រសិទ្ធនាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅក្នុងខេត្តកណ្ដាល ថា «អាកាសយានដ្ឋានអន្តរជាតិ តេជោក្រុងតាខ្មៅ»៕

