រដ្ឋបាលខណ្ឌទួលគោក ចុះបង្ក្រាបល្បែងភ្នាល់បាល់តាមប្រព័ន្ធអ៉ីនធើណេត ក្នុងសង្កាត់ទឹកល្អក់ទី៣ ដោយឃាត់ខ្លួនមនុស្ស ៥នាក់ និងវត្ថុតាងមួយចំនួនទៀត
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌទួលគោក បានឲ្យដឹងថា នារសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៦ និង១១នាទី គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ដឹកនាំបញ្ជាដោយ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក ដោយមានវត្តមានចូលរួមពី លោក ទៀវ សំអឿន អភិបាលរងខណ្ឌ និងកម្លាំងចម្រុះ បានចុះបង្ក្រាបជាក់ស្តែង ទីតាំងបើកអ៉ីនធើណេតមួយកន្លែង ដែលលួចបង្កប់ការភ្នាល់បាល់តាមប្រព័ន្ធអនឡាញ ស្ថិតនៅ ផ្ទះលេខ ២៥៦CE0 ផ្លូវ១៨២ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានធ្វើការឃាត់ខ្លួនមនុស្សចំនួន ០៥ នាក់ រួមមាន បុគ្គលិកម្នាក់ និងអ្នកភ្នាល់៤នាក់ ព្រមទាំង បានដកហូតសម្ភារៈ រួមមាន កុំព្យូទ័រចំនួន០៩ ឈុត។ បច្ចុប្បន្ននេះទីតាំងខាងលើ ត្រូវបានបិទ ដោយឡែក មនុស្ស និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌដើម្បីអនុវត្តតាមនិតិវិធីច្បាប់បន្ត ៕









ប្រភព៖ រដ្ឋបាលខណ្ឌទួលគោក