អ្នកស្រាវជ្រាវរបស់ជប៉ុននិយាយថា មេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី អូមីក្រុង គឺឆ្លងរាលដាលខ្លាំងជាងវ៉ារ្យ៉ង់ដទៃ សូម្បីតែក្នុងចំណោមអ្នកចាក់ថ្នាំបង្ការ ឬអ្នកធ្លាប់កើតជំងឺនេះហើយក៏ដោយ
- BY
- autoadmin
- December 10, 2021
ក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសជប៉ុនបាននិយាយថា មេរោគ COVID-19 វ៉ារ្យ៉ង់ថ្មី Omicron គឺអាចឆ្លងបានឆាប់រហ័ស សូម្បីតែក្នុងចំណោមអ្នកទទួលថ្នាំបង្ការ ឬអ្នកដែលធ្លាប់បានឆ្លងមេរោគ COVID-19 ប្រភេទមុនៗក៏ដោយ។ វាគឺជាការរកឃើញដោយក្រុមមួយ ដែលដឹកនាំដោយសាស្រ្តាចារ្យសាកលវិទ្យាល័យក្យូតូលោក Nishiura Hiroshi ដែលបានរាយការណ៍ពីលទ្ធផលនៃការវិភាគរបស់ពួកគេលើការរីករាលដាលយ៉ាងឆាប់រហ័សនៃវ៉ារ្យ៉ង់ Omicron នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង នៅឯកិច្ចប្រជុំនៃក្រុមប្រឹក្សាយោបល់ទៅកាន់ក្រសួងសុខាភិបាលកាលពីថ្ងៃពុធថ្មីៗនេះ។

ក្រុមរបស់គាត់បានពិនិត្យព័ត៌មានហ្សែននៃករណីប្រហែល ២០០ ករណី ដែលបានរាយការណ៍ពីប្រទេសអាហ្វ្រិកខាងត្បូង ចាប់ពីខែកញ្ញាដល់ចុងខែវិច្ឆិកា ដោយផ្អែកលើមូលដ្ឋានទិន្នន័យអន្តរជាតិ។ ពួកគេនិយាយថា អត្រាបន្ដចម្លងរបស់មេរោគមកលើមនុស្សគឺខ្ពស់ជាង ៤.២ដង (ចំនួនជាមធ្យមសម្រាប់មនុស្សម្នាក់) សម្រាប់វ៉ារ្យ៉ង់ Delta នៅក្នុងខេត្ត Gauteng ដែលរងការវាយប្រហារយ៉ាងខ្លាំងដោយវ៉ារ្យ៉ង់ Omicron ។ ពួកគេបានបន្ថែមថា សូម្បីតែបន្ទាប់ពីពួកគេបានកែសម្រួលទិន្នន័យឱ្យល្អៀងបន្ដិចក៏ដោយ អត្រានៅតែខ្ពស់ជាង ២ដង ដដែល។
ក្រុមនេះនិយាយថា វានៅតែមិនច្បាស់ថាតើវ៉ារ្យ៉ង់ Omicron អាចចម្លងបានដោយរបៀបណា។ ប៉ុន្តែក្រុមបាននិយាយថា ប្រសិទ្ធភាពនៃភាពស៊ាំដើម្បីប្រឆាំងនឹងវ៉ារ្យ៉ង់ Omicron គឺមានតែប្រហែល ២០% ប៉ុណ្ណោះនៅអាហ្វ្រិកខាងត្បូង។ សាស្ត្រាចារ្យ Nishiura និយាយថា វ៉ារ្យ៉ង់ Omicron ទំនងជាបង្កហានិភ័យខ្ពស់ សូម្បីតែនៅក្នុងប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់ក៏ដោយ។ គាត់បន្ថែមថា គាត់នឹងរង់ចាំព័ត៌មានសំខាន់ៗ រួមទាំងភាពធ្ងន់ធ្ងរនៃរោគសញ្ញា មូលហេតុផ្សេងៗគ្នា និងប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំង៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






