រាជរដ្ឋាភិបាល បានសម្រេចដាក់ចេញនូវវិធានការអនុវត្តចំពោះការទន្ទ្រានកាន់កា-ប់ដីរដ្ឋ ក្នុងដែនព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប ក្នុងខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា រាជរដ្ឋាភិបាល បានសម្រេចដាក់ចេញនូវវិធានការអនុវត្តចំពោះការទន្ទ្រានកាន់កាប់ដីរដ្ឋ ក្នុងដែនព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

ទីស្ដីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនឯកឧត្តមជ្រាបថា រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការរចំពោះមុខដូចខាងក្រោម៖
១.បង្គោលដែនព្រៃលិចទឹក ដែលមិនទាន់បានបោះ និងខូច ត្រូវបោះបំពេញបន្ថែមឲ្យបានគ្រប់ឡើងវិញ ដោយប្រគល់ភារកិច្ចជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹកនិងឧតុនិយម។
២.ប្រគល់ភារកិច្ចជូនក្រសួងធនធានទឹកនិងឧតុនិយម រៀបចំប៉ាណូបង្ហាញទីតាំងដែនព្រៃលិចទឹកដែលបានកំណត់។
៣.អាជ្ញាធរទន្លេសាបតាមរយៈក្រសួងធនធានទឹកនិងឧតុនិយម ជាអ្នកស្នើសុំចុះបញ្ជីដីរដ្ឋ។
៤.ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញលិខិតណែនាំដល់អាជ្ញាធរស្រុក ឃុំ បញ្ឈប់រាល់ចរន្តការសុំកាន់កាប់ដី ផ្ទេរសិទ្ធកាន់កាប់ដី ឬជួលដីរដ្ឋក្នុងដែនព្រៃលិចទឹកព្រមទាំងចេញលិខិតបដិសេធលើរាល់លិខិតដែលចេញរួចពីពេលមុន។
៥.ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យចាត់វិធានការបញ្ឈប់ការចូលទន្ទ្រានដីក្នុងដែនព្រៃលិចទឹកបន្តទៀត ធ្វើអត្តសញ្ញាណអ្នកដែលបានចូលទន្ទ្រាន និងដំឡើងផែនទី ដើម្បីធ្វើការដកហូតដី និងចាត់វិធានការតាមផ្លូវច្បាប់ ដោយត្រូវកសាងអង្គហេតុ និងដាក់បណ្ដឹងអាជ្ញាធរទៅតុលាការ។
៦.រាល់កិច្ចប្រជុំបូកសរុបការងារប្រចាខែ ត្រីមាស នព្វមាស និងប្រចាំឆ្នាំ រដ្ឋបាលខេត្តត្រូវរាយការណ៍វឌ្ឍនភាពនៃការគ្រប់គ្រង និងការចាត់វិធានការការពារដីព្រៃលិចទឹក។
៧.ព្រះរាជអាជ្ញាអមសាលាដំបូលខេត្តបន្ទាយមានជ័យ ត្រូវជួយជំរុញការអនុវត្តនីតិវិធីចំពោះសំណុំរឿងបទល្មើសទន្ទ្រានព្រៃលិចទឹកក្រោយពេលទទួលបានបណ្ដឹង។
៨.ទន្ទឹមនឹងវិធានការផ្លូវច្បាប់ ជនល្មើសត្រូវដាំដើមឈើឡើងវិញលើផ្ទៃដីដែលបានទន្ទ្រាន។ ការដាំដើមឈើឡើងវិញ ផ្ដល់អាទិភាពលើការដាំដើមឬស្សី។
៩.ចំពោះប្រជាពលរដ្ឋដែលបានដាំណាំ ពិសេសដំណាំស្រូវ ទុកពេលឲ្យប្រមូលផល រួចត្រូវធ្វើលិខិតទទួលកំហុស និងប្រគល់ដីព្រៃលិចទឹកជូនរដ្ឋវិញ។
១០.រកមុខសញ្ញា និងជូនដំណឹងដល់អ្នកមានធនធានជួលប្រជាពលរដ្ឋចូលកាប់រានដីក្នុងដែនព្រៃលិចទឹក និងមន្ត្រីរាជការស៊ីវិល ក៏ដូចជាកងកម្លាំងដែលបានប្រព្រឹត្តល្មើសចូលទន្ទ្រានដីព្រៃលិចទឹក ឲ្យចេញមុខសារភាពនិងប្រគល់ដីជូនរដ្ឋវិញ ដើម្បីទទួលបានការសម្រាលទោសទណ្ឌ។ ចំពោះបុគ្គល ឬអង្គភាពមានសមត្ថភាពដែលដឹងអំពីមុខសញ្ញាប្រព្រឹត្តបទល្មើសហើយមិនរាយការណ៍ ត្រូវទទួលខុសត្រូវដោយខ្លួនឯងចំពោះមុខច្បាប់ ៕

