ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដកខ្លួនចេញពីការឈរឈ្មោះជាបេក្ខភាពសមាជិកព្រឹទ្ធសភា
- BY
- autoadmin
- December 15, 2021
អ្នកនាំពាក្យគណៈកម្មាធិការរៀបចំការបោះឆ្នោតហ្វីលីពីនបាននិយាយថា ប្រធានាធិបតីហ្វីលីពីនគឺលោក Rodrigo Duterte បានដកខ្លួនចេញពីការឈរឈ្មោះជាបេក្ខភាពសមាជិកព្រឹទ្ធសភា នៅថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១។ ជម្រាបផងដែរថា លោក Duterte នឹងបញ្ចប់អាណត្តិ ៦ឆ្នាំ ក្នុងនាមជាប្រធានាធិបតីរបស់លោក នៅខែមិថុនា ឆ្នាំ២០២២ ហើយតាមច្បាប់រដ្ឋធម្មនុញ្ញរបស់ហ្វីលីពីន គឺលោកមិនអាចធ្វើជាប្រធានាធិបតីនៅអាណត្តិបន្ទាប់ទេ។ ដំបូងឡើយគឺគាត់បានប្រកាសថា នឹងចូលនិវត្តន៍ពីនយោបាយ ហើយក្រោយមកទៀតក៏មានពាក្យថា គាត់នឹងឈរឈ្មោះជាបេក្ខភាពព្រឹទ្ធសភា ខណៈលើកនេះក៏ប្ដូរទៅជាមិនឈរឈ្មោះទៅវិញ។

ការឈរឈ្មោះសម្រាប់ព្រឹទ្ធសភារបស់គាត់ ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងដើម្បីបន្តកាន់អំណាចនៅក្នុងនយោបាយ ខណៈពេលដែលគាត់ប្រឈមមុខនឹងការស៊ើបអង្កេតអន្តរជាតិ ចំពោះសង្គ្រាមគ្រឿងញៀនដ៏សាហាវរបស់គាត់។ ការដកខ្លួនរបស់គាត់មិនមានន័យថា គាត់គ្រោងនឹងចូលនិវត្តន៍ពីនយោបាយភ្លាម បន្ទាប់ពីការបោះឆ្នោតនៅក្នុងខែឧសភានោះទេ ដោយសារនៅក្រោមច្បាប់បោះឆ្នោត គាត់អាចជំនួសបេក្ខជនម្នាក់ទៀតដែលមាននាមត្រកូលដូចគាត់។ ជាក់ស្ដែងកូនស្រីរបស់ Duterte គឺអ្នកស្រី Sara កំពុងឈរឈ្មោះជាអនុប្រធានាធិបតី ខណៈដែលកូនប្រុសរបស់គាត់ Sebastian កំពុងប្រកួតប្រជែងឈរឈ្មោះជាអភិបាលក្រុង នៅក្នុងបន្ទាយដ៏រឹងមាំ នៅភាគខាងត្បូងនៃទីក្រុង Davao ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






