អន្តរជាតិ

អង្គការសុខភាពពិភពលោកបានព្រមានថា មេរោគកូវីដ១៩បំប្លែងខ្លួនថ្មី អូមីក្រុង ប្រហែលជាកំពុងចម្លងរាលដាលនៅក្នុងប្រទេសជាច្រើន

BY
autoadmin
December 15, 2021

ប្រធានអង្គការសុខភាពពិភពលោកនិយាយថា ជំងឺ COVID-19 បំប្លែងខ្លួនថ្មី «អូមីក្រុង» ប្រហែលជាកំពុងឆ្លងរីករាលដាលនៅក្នុងប្រទេសភាគច្រើន បើទោះបីជាវាមិនទាន់ត្រូវបានរកឃើញក៏ដោយ។ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា ឥឡូវនេះមានប្រទេសចំនួន ៧៧ បានរាយការណ៍ពីករណីទាក់ទងនឹងអូមីក្រុង ដោយបន្ថែមថា៖ «វ៉ារ្យ៉ង់ថ្មីមួយអូមីក្រុង គឺកំពុងឆ្លងរាលដាលក្នុងកម្រិត ដែលយើងមិនធ្លាប់ជួបពីមុនជាមួយនឹងវ៉ារ្យ៉ង់ដទៃ»។

លោក Tedros បានសម្តែងការព្រួយបារម្ភថា មនុស្សកំពុងគិតថា «អូមីក្រុង» គឺជារោគស្រាលៗ ហើយគាត់បានព្រមានថា៖«ទោះបីជាអូមីក្រុងបង្កឱ្យមានជំងឺមិនសូវធ្ងន់ធ្ងរក៏ដោយ ចំនួនករណីដ៏ច្រើនអាចដាក់សម្ពាធលើប្រព័ន្ធសុខភាពដែលមិនបានត្រៀមទុកជាមុន»។ លោក Tedros បានអំពាវនាវឱ្យប្រទេសនានាចាត់វិធានការឱ្យបានហ្មត់ចត់ ដូចជាការចាក់វ៉ាក់សាំង និងពាក់ម៉ាស់ជាដើម។ ប្រធាន WHO រូបនេះ ក៏បានសំដៅទៅលើគម្លាតដ៏ធំនៃអត្រានៃការចាក់វ៉ាក់សាំងរវាងប្រទេសនានា ដោយបាននិយាយថា ប្រទេសចំនួន ៤១ មានអត្រាចាក់វ៉ាក់សាំងមិនបាន ១០% នៃចំនួនពលរដ្ឋសរុបរបស់ខ្លួនផង៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: