ប្រទេសបារាំងបានដាក់កំហិតយ៉ាងតឹងរឹងចំពោះការចូលពីចក្រភពអង់គ្លេស ដោយសារការរីករាលដាលរបស់មេរោគកូវីដ១៩ បំប្លែងខ្លួនថ្មីអូមីក្រុង
- BY
- autoadmin
- December 17, 2021
រដ្ឋាភិបាលនៃប្រទេសបារាំងបាននិយាយថា ខ្លួននឹងកំណត់យ៉ាងតឹងរ៉ឹងនូវការចូលមកពីចក្រភពអង់គ្លេស ដោយសារជំងឺ COVID-19 បំប្លែងខ្លួនថ្មី Omicron កំពុងវាយប្រហារយ៉ាងខ្លាំងនៅទីនោះ។ រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងហាមឃាត់ការធ្វើដំណើរអាជីវកម្ម និងទេសចរណ៍ពីចក្រភពអង់គ្លេស ប៉ុន្តែនឹងអនុញ្ញាតឱ្យចូលសម្រាប់មនុស្សមួយចំនួន រួមទាំងជនជាតិបារាំង និងពលរដ្ឋសហភាពអឺរ៉ុបផ្សេងទៀត ដែលត្រឡប់ទៅផ្ទះវិញកាត់តាមប្រទេសបារាំង។

ច្បាប់ថ្មីនឹងតម្រូវឱ្យរាល់ការមកដល់ពីចក្រភពអង់គ្លេស ត្រូវធ្វើតេស្តអវិជ្ជមានជាមួយជំងឺ COVID-19 ក្នុងអំឡុងពេលតិចជាង ២៤ ម៉ោង មុនពេលចេញដំណើរ ដោយមិនគិតពីស្ថានភាពនៃការទទួលថ្នាំបង្ការ។ ពួកគេក៏នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ៧ថ្ងៃ នៅពេលមកដល់ប្រទេសបារាំង ទោះបីជារយៈពេលនេះនឹងត្រូវកាត់បន្ថយមកត្រឹម ៤៨ ម៉ោង ប្រសិនបើពួកគេធ្វើតេស្តអវិជ្ជមានបន្ទាប់ពីបានមកដល់ប្រទេសបារាំងក៏ដោយ។
យ៉ាងណាក៏ដោយ អ្នកបើកបរឡានដឹកទំនិញនឹងត្រូវបានលើកលែងពីតម្រូវការទាំងនេះ ដើម្បីជៀសវាងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។ រំលឹកដែរថា ឡានដឹកទំនិញជាច្រើនធ្លាប់បានស្ទះជាជួរនៅច្រក Dover Strait ផ្នែកខាងអង់គ្លេសកាលពីខែធ្នូឆ្នាំមុន នៅពេលដែលប្រទេសបារាំងបានរឹតបន្តឹងការចូលទាំងអស់ ដោយសារតែការរីករាលដាលនៃជំងឺ COVID-19 នាពេលដំបូងៗ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






