អន្តរជាតិ

CDC របស់សហរដ្ឋអាមេរិក បានណែនាំឱ្យមានការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ Pfizer និង Moderna ជាជាងវ៉ាក់សាំងរបស់ Johnson & Johnson

BY
autoadmin
December 17, 2021

មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១ បានផ្តល់អនុសាសន៍ឱ្យជនជាតិអាមេរិកជ្រើសរើសវ៉ាក់សាំង ១ ក្នុងចំណោមវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ Moderna និង Pfizer/BioNTech ដោយមិនបានណែនាំឱ្យប្រើប្រាស់វ៉ាក់សាំង Johnson & Johnson នោះទេ។ អនុសាសន៍របស់ CDC បានកើតមានឡើង បន្ទាប់ពីគណៈកម្មាធិការប្រឹក្សារបស់ខ្លួនស្តីពីការចាក់ថ្នាំបង្ការ បានបោះឆ្នោតជាឯកច្ឆ័ន្ទដើម្បីធ្វើការណែនាំវ៉ាក់សាំង ដែលផលិតឡើងដោយ Moderna និង Pfizer/BioNTech ។

ជនជាតិអាមេរិកទៅទទួលការចាក់វ៉ាក់សាំង J&J កាន់តែតិចជាងមុន ជាងវ៉ាក់សាំងទាំង ២ ដែលបានរៀបរាប់ខាងលើ ដោយសារថាកន្លងមកមានការរាយការណ៍ពីបញ្ហាឈាមកកដ៏កម្រ ដែលអាចឈានទៅរកការស្លាប់បាន។ យោងតាមទិន្នន័យរបស់ CDC ក្នុងចំណោមមនុស្សជាង ២០០ លាននាក់ ដែលបានចាក់វ៉ាក់សាំងពេញលេញនៅក្នុងសហរដ្ឋអាមេរិក មានពលរដ្ឋប្រហែល ១៦ លាននាក់ប៉ុណ្ណោះ ដែលបានទទួលវ៉ាក់សាំង J&J ។ យ៉ាងណាក៏ដោយ J&J បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សុវត្ថិភាព និងសុខុមាលភាពរបស់អ្នកដែលប្រើប្រាស់វ៉ាក់សាំង គឺជាអាទិភាពចម្បងរបស់ពួកគេ ហើយក្រុមហ៊ុនទន្ទឹងរង់ចាំធ្វើការជាមួយ CDC លើជំហានបន្ទាប់៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: