ក្រុមហ៊ុន Pfizer បាននិយាយថា ខ្លួននឹងចាប់ផ្ដើមសាកល្បងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសជំរុញ ចំពោះក្មេងដែលមានអាយុពី ៦ខែ ដល់ ៥ឆ្នាំ
- BY
- autoadmin
- December 18, 2021
ក្រុមហ៊ុន Pfizer នឹងចាប់ផ្តើមធ្វើការសាកល្បងកម្រិតថ្នាំបង្ការជំងឺ COVID-19 ដូសជំរុញ ចំពោះកុមារដែលមានអាយុពី ៦ខែ ដល់ ៥ឆ្នាំ បន្ទាប់ពីបានរកឃើញថា វ៉ាក់សាំងស្ដង់ដារសម្រាប់ក្មេងៗរបស់ខ្លួន ប្រហែលជាមិនផ្តល់ការការពារគ្រប់គ្រាន់នោះទេ នៅក្នុងការសិក្សាសាកល្បងរបស់ក្រុមហ៊ុននាពេលកន្លងមក។ ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងចាប់ផ្តើមធ្វើការសាកល្បងលើដូសជំរុញ ឬដូសទី៣ លើកុមារតូចៗ «យ៉ាងហោចណាស់រយៈពេល ២ខែ បន្ទាប់ពីការចាក់លើកទី២» ក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីផ្តល់នូវការការពារកម្រិតខ្ពស់ក្នុងចំណោមកុមារតូចៗ។

កម្រិតវ៉ាក់សាំងប្រែប្រួលតាមក្រុមអាយុផ្សេងៗគ្នា ជាឧទាហរណ៍៖ កុមារអាយុពី ៥-១២ ឆ្នាំ បានទទួល ២ដូស ជាមួយនឹងកម្រិត ១០ មីក្រូក្រាម/ដូស ដែលស្មើនឹង ១ ភាគ ៣ នៃកម្រិតរបស់មនុស្សពេញវ័យ ដែលជាធម្មតាគឺ ៣០ មីក្រូក្រាម/ដូស ។ ចំណែកកុមារអាយុក្រោម ៥ឆ្នាំ រួមទាំងទារកផងដែរ គឺនឹងទទួលការចាក់វ៉ាក់សាំង ក្នុងកម្រិត ៣មីក្រូក្រាម/ដូស ។
នៅក្នុងការសិក្សានៅក្នុងចំណោមក្រុមកុមារទាំងនេះ ក្រុមហ៊ុន Pfizer មិនបានរកឃើញផលប៉ះពាល់អវិជ្ជមានណាមួយនោះឡើយ ហើយក្រុមហ៊ុននឹងស្នើសុំការអនុញ្ញាតពីអាជ្ញាធរ សម្រាប់វ៉ាក់សាំងដែលខ្លួនកំពុងធ្វើការសិក្សាជាថ្មីនេះ នៅឆ្នាំក្រោយប្រសិនបើពួកគេទទួលបានជោគជ័យ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) នៅសប្តាហ៍នេះ បានរាយការណ៍ករណីជំងឺ myocarditis (រលាកសាច់ដុំបេះដូង) ចំនួន ៨ ចំពោះកុមារដែលមានអាយុពី ៥-១១ ឆ្នាំ បន្ទាប់ពីពួកគេបានទទួលវ៉ាក់សាំង Pfizer ៕ 
អត្ថបទ៖ លីដា
ប្រភព៖ RT
- Share This Post:






