ស្តាប់លោក មាស រិទ្ធី អធិប្បាយថា មេក្លោងក្រុមចោរប្លន់ឧកញ៉ា អ៊ាន សៀវម៉ី បានសារភាពថា មូលហេតុប្លន់ គឺដោយសារស្អប់និងជ្រេញអ្នកលក់ឡេ អួតសំញ៉ែញទ្រព្យសម្បត្តិតាមបណ្តាញសង្គមពេក (មានវីដេអូ)
កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមចាប់ក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេដ៏ល្បីគឺឧកញ៉ា អ៊ាន សៀវម៉ី បានហើយ ដោយប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ។ នៅក្នុងប្រតិបត្តិការណ៍បង្ក្រាបនេះដែរ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដកហូតបាននៅអាវុធវែងខ្លីមួយចំនួន និងគ្រឿងអលង្ការមួយចំនួនដែលក្រុមចោរប្លន់បាន ដោយក្រុមចោរប្លន់ទាំងនោះបានលាក់ខ្លួននៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ នេះបើតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រាប់មកក្រុមអ្នកសារព័ត៌មាន។

បើយោងតាមការបញ្ជាក់ពីលោក មាស រិទ្ធី បានធ្វើការអធិប្បាយក្នុងកម្មវិធីព័ត៌មានពេលព្រឹករបស់ស្ថានីយទូរទស្សន៍ហង្សមាសបានឲ្យដឹងថា ក្រុមចោរប្លន់អ្នកឡេដ៏ល្បីឈ្មោះកំពុងកក្រើកនេះ បានសារភាពថា មូលហេតុដែលធ្វើសកម្មភាពប្លន់ ដោយសារតែធុញ ស្អប់ និងជ្រេញអ្នកមាន ជាពិសេសគឺអ្នកលក់ឡេ ដែលអួតសំញ៉ែញទ្រព្យសម្បត្តិមាស ពេជ្រ ខ្លាំងពេកតាមបណ្តាញសង្គម។


